ឡាវ និង ថៃ ដាក់ដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនតាមរយៈបច្ចេកវិទ្យាកូដ QR
(វៀងចន្ទន៍)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារកណ្តាលរបស់ប្រទេសឡាវនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា ក្នុងសប្តាហ៍នេះ ធនាគារជាតិនៃប្រទេសឡាវ និងថៃបានចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងព្រំដែនតាមបច្ចេកវិទ្យាកូដ QR ដើម្បីសម្រួលដល់សកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ផងដែរ។
ពិធីដាក់ដំណើរការប្រព័ន្ធខាងលើនេះត្រូវបានប្រារព្ធឡើងនៅក្នុងខេត្តហ្លួងព្រះបាងភាគខាងជើង ប្រទេសឡាវនៅថ្ងៃពុធ ទី០៣ មេសាសប្តាហ៍នេះជាមួយវត្តមានរបស់ទេសាភិបាលធនាគារជាតិឡាវលោក BOL Bounleua Sinxayvoravong និងសមភាគីថៃ។
ក្នុងឱកាស
ខាងលើ លោក BOL Bounleua Sinxayvoravong បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងឡាវ និងថៃក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ គឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាសម្រាប់សមាហរណកម្មក្នុងតំបន់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិបុលភាព។
ជាមួយគ្នានេះ លោកទេសាភិបាលធនាគារជាតិឡាវបានគូសបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងព្រំដែនតាមរយៈកូដ QR ខាងលើនេះគឺតំណាងឱ្យការឈានទៅមុខក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកាន់តែផ្តល់ភាពងាយស្រួល ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងប្រតិបត្តិការឆ្លងដែនរវាងប្រទេសនៅក្នុងតំបន់អាស៊ីគេ្នយ៍។
គួរបញ្ជាក់ថា មុននេះ ប្រទេសឡាវក៏បានដាក់ដំណើរការប្រព័ន្ធដូចខាងលើជាមួយប្រទេសកម្ពុជាយើង និងប្រទេសវៀតណាមផងដែរ ហើយដែលកម្ពុជា និងវៀតណាមក៏បានដាក់ដំណើរការប្រព័ន្ធនេះជាមួយប្រទេសថៃរួចរាល់ដូចគ្នាដែរ៕