អគ្គារធិការដ្ឋាន

កិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ នៃលទ្ធផលចុះអង្កេតស្រាវជ្រាវ ដែលបានផ្សព្វផ្សាយលើបណ្តាញសារព័ត៌មានរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ នៃលទ្ធផលចុះអង្កេតស្រាវជ្រាវ ករណីបណ្តាញសារព័ត៌មានដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ។

   របាយការណ៍ នៃលទ្ធផលចុះអង្កេតស្រាវជ្រាវ ករណីបណ្តាញសារព័ត៌មានដែលបានចុះផ្សាយថា មានមនុស្សមួយក្រុមស្លៀកពាក់ស៊ីវិល ព្រមទាំងមានបង្កប់ឯកសណ្ឋានប៉ូលិស ដេញចាប់មនុស្សយ៉ាងអាណាធិបតេយ្យនៅផ្លូវR6 និងនៅម្តុំក្តាន់ពីរ រួចនាំទៅកន្លែងស្ងាត់ ដែលគេដាក់ការសង្ស័យមាន៣ទីតាំង: ទីតាំង១.នៅក្នុងដីឡូតិ៍បឹងកក់ ២. ទីស្ងាត់នៅខាងលិចទីវាលវាយកូនហ្គោល ក្នុងសង្កាត់ស្រះចក និង៣.ម្តុំជិតគល់ស្ពានអាកាស៧មករា ។

ករណីនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងទំនុកចិត្តចំពោះការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលជាតិផង និងធ្វើឱ្យមានការភ័យព្រួយពីសំណាក់បងប្អូនប្រជាពលរដ្ឋជាខ្លាំងចំពោះសុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួនផង និងមានការចែករំលែកតៗគ្នាលើបណ្តាញសង្គម អ្នកខ្លះចោទជាសំនួរ ជាយោបល់ និងសំណូមពរមួយចំនួន មកថ្នាក់ដឹកនាំផងដែរ ។