អគ្គារធិការដ្ឋាន

កិច្ចប្រជុំត្រួតពិនិត្យចំពោះ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អស់លោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានទាំង៦ ចំណុះអគ្គាធិការដ្ឋាន

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យចំពោះ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អស់លោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានទាំង៦ ចំណុះអគ្គាធិការដ្ឋាន ដើម្បីពង្រឹងរបៀបរបបការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមបានមានប្រសាសន៍ថា លោក លោកស្រី ត្រូវបានថ្នាក់ដឹកនាំលើកទឹកចិត្ត តែងតាំងជាអនុប្រធាននាយកដ្ឋាន ដោយផ្អែកលើលក្ខណៈសម្បត្តិ មានសមត្ថភាពជាមន្ត្រីសកម្មចំពោះការងារ ហេតុនេះសូមលោក លោកស្រីត្រូវគោរពអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ។ ទន្ទឹមនឹងនេះ សូមលោក លោកស្រី ចៀសវាងដាច់ខាតនូវភាពអសកម្ម ដោយខិតខំបម្រើការងារជូនអង្គភាព ក្នុងការអនុវត្តតាមតួនាទីភារកិច្ចរៀងៗខ្លួនដើម្បីផលប្រយោជន៍អង្គភាព ក៏ដូចចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីនគរបាល ត្រូវតែអនុវត្ត និងប្រកាន់ខ្ជាប់នូវច្បាប់ លិខិតបទដ្ឋានរបស់មន្ត្រីរដ្ឋបាលស៊ីវិល និងវិន័យរបស់កងកម្លាំង ចៀសវាងបាតុភាពអសកម្មដែលនាំឱ្យប៉ៈពាល់ដល់លទ្ធផលការងាររបស់អង្គភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន និងអង្គភាព។

កិច្ចបញ្ចប់ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីដែលជាអនុប្រធាននាយកដ្ឋាន នឹងខិតខំបម្រើការងារគោរពតាមតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍អង្គភាព ក្រសួង និងប្រទេសជាតិ ដោយចៀសវាងភាពអសកម្ម ដើម្បីឱ្យស្របទៅនឹងលក្ខណៈសម្បត្តិ មានសមត្ថភាព និងជាមន្ត្រីសកម្ម ដែលថ្នាក់ដឹកនាំផ្តល់ការជឿជាក់ លើកទឹកចិត្ត និងតែងតាំងមុខតំណែងនេះជូនដល់លោក លោកស្រីនោះ។