ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងមន្រ្តីចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាច្រើនរូបផងដែរ។

យោងតាមរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានឲ្យដឹងថាក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ ៖

-អគ្គនាយកដ្ឋានបានបញ្ជូនរបាយការណ៍ សវនកម្ម ការិយបរិច្ឆេទ ២០១៨ គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជ្រាប និងស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ចំនួន ៤៧១គោលដៅ ស្មើនឹង ២០២របាយការណ៍ កំពុងរៀបចំរបាយការណ៍ ចំនួន០៦គោលដៅ ស្មើនឹង ០៦របាយការណ៍ និងបានបញ្ជូនរបាយការណ៍ទៅសវនដ្ឋានចំនួន ៧៨៣គោលដៅ ស្មើនឹង ២៦៣របាយកាណ៍ ចំនួនសរុប ១២៦០គោលដៅ ស្មើនឹង ៤៧១របាយកាណ៍។

-គម្រោងសាលាអភិបាលកិច្ច បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដូចខាងក្រោម ៖

ទី១-បានរៀបចំរបាយការណ៍ស្ដីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យការព្យាករណ៍ នៃការអនុវត្តចំណាយប្រចាំឆមាស។

ទី២-បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលចំនួន២វគ្គរួមមាន វគ្គបណ្ដុះបណ្ដាលស្ដីពីអភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាសាធារណៈ និងវគ្គបណ្ដុះបណ្ដាលស្ដីពី ការផ្ដល់សេវាសាធារណៈប្រកបដោយ គណនេយ្យភាព និងឆ្លើយតបតម្រូវការយេនឌ័រដែលមានសិក្ខាកាមសរុបចំនួន៧៥រូប។

និងទី៣-ក្រុមការងារបានប្រជុំពិនិត្យផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តឆ្នាំ២០២០ និងអនុសារណៈយោគយល់គ្នា សៀវភៅណែនាំសម្រាប់ប្រតិបត្តិគម្រោង ព្រមទាំងបានរៀបចំរបាយការណ៍ស្ដីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យការព្យាករណ៍ នៃការអនុវត្តចំណាយប្រចាំឆមាស របស់គម្រោងសាលាអភិបាលកិច្ច៕