អគ្គលេខាធិការដ្ឋាន

កម្ពុជា​-អូស្រ្តាលី ​បន្តកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន ​និងបណ្តុះបណ្តាលធនធានមនុស្ស

រាជធានីភ្នំពេញ​៖​ នាថ្ងៃទី​៤​ ខែសីហា​ ឆ្នាំ២០២០​ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួប​ លោក អាន់តូនី​ ម៉ាខ្វៃ​ Anthony maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលី​AFP​ អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា​ ដេីម្បីពិភាក្សាការងារ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​ និងប្រជាជនអូស្រ្តាលី​ ដែលបានចូលរួមសហប្រតិបត្តិលេីការងារបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនពិសេសបទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន​ ។ 

ក្នុងឱកាសនោះដែ​រ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ក៏បានថ្លែងជម្រាបជូនភាគីភ្ញៀវអំពីភាពជោគជ័យជាបន្តបន្ទាប់នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់កម្ពុជា ដែលមិនមែនជាសង្រ្គាមប្រឆាំងគ្រឿងញៀន តែជាការប្រមូលផ្តុំនូវកំលាំងសរុបធ្វេីការដោះស្រាយបញ្ហាគ្រឿងញៀន ដែលរាល់​ការបង្រ្កាបបទល្មេីសគ្រឿងញៀនត្រូវអនុវត្តស្របតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ ហេីយជនប្រេីប្រាស់គ្រឿងញៀនគឺជាជនរងគ្រោះត្រូវបានលេីកទឹកចិត្តឱ្យទៅទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលេីសហគមន៍នៅតាមមន្ទីរពេទ្យជាតិ​ មន្ទីរពេទ្យ​បង្អែក​ និងមណ្ឌលសុខភាព​ដែលក្រសួងសុខាភិបាលបានបំពាក់សេវាព្យាបាលដោយឥតគិតថ្លៃចំនួន៤៥០កន្លែង​ និងបានស្នេីសុំឱ្យភាគីអូស្រ្តាលី បន្តជួយដល់កម្ពុជា លេីការងារកិច្ចសហប្រតិបត្តិការដែលមានពេលកន្លងមក។ 

ជាការឆ្លេីយតប​ លោក​ អាន់តូនី​ ម៉ាខ្វៃ​ Anthony maguire តំណាងនគបាលសហព័ន្ធអូស្រ្តាលីAFP  អមស្ថានទូត​អូស្រ្តាលី​ប្រចាំកម្ពុជា​ បានថ្លែងសាទរនូវលទ្ធផលការងារដែលកម្ពុជាខិតខំសម្រេចបាន​ ហេីយនឹងបន្តជួយដល់កម្ពុជាលេីការងារបណ្តុះបណ្តាលធនធានមនុស្សជំនាញស៊េីបអង្កេត​ ចារកម្ម​ និងការវិភាគព័ត៌មាន និងបន្តការគាំទ្រសកម្មភាពការិយាល័យទំនាក់ទំនងព្រំដែន​ BLO និងពិសោធ​ន៍​គ្រឿងញៀន។