សុខភាព និងសម្រស់

វិធីសង្គ្រោះបន្ទាន់នៅពេលលង់ទឹក!!!

ការលង់ ឬការជិតស្លាប់ដោយសារលង់ទឹក ច្រើនតែជាបញ្ហាដែលគេតែងតែហៅឲ្យអ្នកធ្វើការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់១មកជួយសង្គ្រោះ មុននឹងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ នៅក្នុងការលង់ទឹក ទឹកកម្រចូលសួតក្នុងបរិមាណច្រើន ពីព្រោះនៅពេលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះនឹងបិទដង្ហើមពីមាត់ និងច្រមុះ។

) អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកជួយសង្គ្រោះ។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការកើតមានរបួសនៅនឹងឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកអ្នករងគ្រោះចេញពីទឹកដោយប្រើក្តារបន្ទះរឹងជាជំនួយ។

) ដើម្បីជៀសវាងមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែន ត្រូវបង្ហើបក្បាលឲ្យផុតពី ទឹកដើម្បីឲ្យគាត់អាចដកដង្ហើមបាន។ ទោះបីជាអ្នកលង់ទឹកមិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ  ក៏យើងត្រូវចាប់ផ្តើមបញ្ចូលខ្យល់សិប្បនិម្មិតដល់គាត់រហូតដល់បានបញ្ជូនគាត់មកដល់ច្រាំង។

) នៅលើដីគោកស្ងួតមិនត្រូវរមៀលគាត់ទេ តែត្រូវដាក់គាត់ក្នុងដំណេកផ្អៀងសុវត្តិភាព ទៅខាងឆ្វេងដើម្បីអោយទឹកកំអួតចេញពីផ្លូវដង្ហើមខាងលើ និងដាក់ក្បាលឲ្យទាបបន្តិច ចៀសវាងការហៀរទឹកច្រាលក្នុងសួតរបស់គាត់

ត្រូវបឺតសំអាតផ្លូវដង្ហើមអោយបានឆាប់រហ័ស និងចាប់ផ្តើមធ្វើការបញ្ចូលខ្យល់សិប្បនិម្មិតឡើងវិញរហូតដល់ដង្ហើមរបស់អ្នកលង់ទឹកដំណើរការជាធម្មតាឡើងវិញ។

) ប្រសិនបើជនរងគ្រោះគ្មានជីពចរទេ ការធ្វើចលនាបេះដូង និងសួតត្រូវចាប់ផ្តើមភ្លាមៗ។

ការធ្វើចលនាបេះដូង និងសួតក្នុងពេលពីរបីនាទីដំបូង ក្រោយពីការគាំងបេះដូងគឺជាការព្យាករណ៏មួយសំខាន់នៃការរស់រានមានជីវិតរបស់អ្នកលង់ទឹក។

ប្រសិនបើការប៉ោងក្រពះប៉ះពាល់ដល់ការបញ្ចូលខ្យល់សិប្បនិម្មិត អ្នកសង្គ្រោះគួរតែដាក់ជនរងគ្រោះអោយដេកផ្អៀងទៅខាងឆ្វេង ហើយត្រូវបន្តចាត់វិធានការជួយសង្គ្រោះរហូតទាល់តែជនរងគ្រោះដឹកទៅដល់មន្ទីរពេទ្យ ដែលពួកគេអាចទទួលបានការជួយសង្គ្រោះជីវិតបែបទំនើបពេញលេញ។

ប្រភព៖ Facebook page Calmette Hospital