បច្ចេកវិទ្យា

ប្រព័ន្ធប្រតិបត្តិការ Fuchsia OS របស់ Google ចាប់ផ្ដើមបើកឲ្យក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីធ្វើការសាកល្បងប្រើប្រាស់ជាសាធារណៈ

Google៖ គិតមកទល់ពេលនេះ ក្រុមហ៊ុន Google បានសំងំធ្វើការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Fuchsia OS អស់រយៈពេលជាង 4 ឆ្នាំមកហើយ។ កាលពេលថ្មីៗនេះ Google បានសម្រេចចិត្តបញ្ចេញកូដដើម ឫ Source Code មួយចំនួនរបស់ប្រព័ន្ធប្រតិបត្តិការថ្មីនេះជាសាធារណៈ ដើម្បីអនុញ្ញាតឲ្យក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី ឫ Developers ទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ អាចធ្វើការសាកល្បងប្រើប្រាស់ និងផ្ដល់ជាមតិយោបល់ត្រឡប់ទៅឲ្យខ្លួនវិញ ដើម្បីកែតម្រូវបញ្ហាកំហុសឆ្គងនានា។

សូមបញ្ជាក់ជូនថា នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និង Chrome OS ក្រុមហ៊ុន Google សុទ្ធតែប្រើប្រាស់ Kernel របស់ក្រុមហ៊ុនផ្សេងនោះគឺ Linux។ ដោយឡែក សម្រាប់ប្រព័ន្ធប្រតិបត្តិការ Fuchsia OS ថ្មីនេះ ក្រុមហ៊ុន Google បានខិតខំបង្កើត Microkernel ដោយខ្លួនឯងតែម្ដង ដែលវាមានឈ្មោះហៅថា Zircon ប៉ុន្ដែក្រុមហ៊ុននេះនៅរក្សាទម្រង់របស់វាជាប្រភេទ Open Source ដូចទៅនឹងប្រព័ន្ធប្រតិបត្តិការមុនៗដដែល៕