អគ្គារធិការដ្ឋាន

កិច្ចប្រជុំពិភាក្សាពីនីតិវិធី និងដំណើរការ នៃការទទួល និងដោះស្រាយបណ្តឹង និងត្រួតពិនិត្យកែសម្រួលសេចក្ដីណែនាំលេខ ០៣០សណន

រាជធានីភ្នំពេញ៖​ នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើកកិច្ចប្រជុំពិភាក្សាពីនីតិវិធី និងដំណើរការ នៃការទទួល និងដោះស្រាយបណ្តឹង និងត្រួតពិនិត្យកែសម្រួលសេចក្ដីណែនាំលេខ ០៣០សណន ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ ស្តីពីការអញ្ជើញមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិមកឆ្លើយបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងនានា ដែលស្ថិតនៅក្រោមសមត្ថកិច្ចធ្វើការអង្កេតស្រាវជ្រាវរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

សូមគូសបញ្ជាក់ថា អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានតួនាទីជាសេនាធិការជូនរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងការធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹងតវ៉ា បរិហាររបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធក្នុងដែនសមត្ថកិច្ច ក្រសួងមហាផ្ទៃ។ ហេតុនេះ ដើម្បីឱ្យការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព អនុវត្តតាមផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ កំណត់របៀបរបបការងារផ្ទៃក្នុង និងឆ្លើយតបទៅនឹងស្ថានភាព តម្រូវការការងារជាក់ស្តែង ព្រមទាំងការវិវត្តតាមបច្ចុប្បន្នភាព ទើបអគ្គាធិការដ្ឋាន ចាំបាច់ត្រូវរៀបចំនីតិវិធី និងដំណើរការទទួលដោះស្រាយពាក្យបណ្តឹង ព្រមទាំងពិនិត្យកែសម្រួលសេចក្ដីណែនាំលេខ០៣០នេះ និងសំដៅបង្កលក្ខណៈងាយស្រួលដល់ការដាក់ពាក្យបណ្តឹងពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដែនសមត្ថកិច្ច ក្រសួងមហាផ្ទៃ និងពន្លឿនដល់ការដោះស្រាយឱ្យមានកាន់តែមានតម្លាភាព ប្រសិទ្ធភាព៕