ព័ត៌មានក្នុងប្រទេស

ក្រសួងសាធារណការដាក់ជញ្ជីងចល័ត ត្រួតពិនិត្យរថយន្តដឹកទំនិញផ្លូវជាតិលេខ៥ រកឃើញរថយន្តដឹកលើសទម្ងន់កំណត់៣គ្រឿង យកមកធ្វើការផាកពិន័យ

បន្ទាយមានជ័យ៖ ដើម្បីធានាដល់គុណភាពផ្លូវមានលក្ខណៈយូរអង្វែង ក្រុមការងារក្រសួងសាធារណៈការ  និងដឹកជញ្ជូន  ដឹកនាំដោយឯកឧត្តម សេង  ឈួត  រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន  នឹងជាប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រួមនឹងប្រតិភូអមដំណើរ  លោក សុក ចាន់ថា  ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន  បានដាក់ជញ្ជីងចល័ត  ដើម្បីត្រួតពិនិត្យ  ឃាត់រថយន្តដឹកលើសទម្ងន់កំណត់ ធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ នៅត្រង់ចំនុចផ្លូវហាយវេ(ផ្លូវវាងក្រុង)  នៅថ្ងៃទី៤  ខែកញ្ញា  ឆ្នាំ២០២១ ។

ឯកឧត្តម  សេង  ឈួត  រដ្ឋលេខាធិការ ក្រសួងសាធារណការ  និងដឹកជញ្ជូន  បានឲ្យដឹងថា  ៖  ដោយអនុវត្តន៍តាមអនុសាសន៍របស់ ឯកឧត្តម  ទេសរដ្ឋមន្រ្តី  ស៊ុន  ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណៈការ  ក្រុមការងារក្រសួងដឹកនាំដោយឯកឧត្តមផ្ទាល់  រួមជាមួយក្រុមការងារក្រសួង  លោក  សុក  ចាន់ថា  ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ  បានដាក់ជញ្ជីងចល័ត  នៅចំណុចផ្លូវហាយវេ(ផ្លូវវាងក្រុង)  ដើម្បីធ្វើការត្រួតពិនិត្យ  រថយន្តធំៗដែលដឹកទំនិញលើសទម្ងន់កំណត់  ដែលជាហេតុធ្វើឲ្យគុណភាពផ្លូវមិនអាចទ្រាំទ្របាន ​ ធ្វើឲ្យខូចផ្លូវ  ដើម្បីយកទៅធ្វើការផាកពិន័យទៅតាមច្បាប់ដែលក្រសួងបានកំណត់ ចំពោះរថយន្តល្មើសដឹកលើសទម្ងន់ ។

ក្នុងនោះឯកឧត្តម  រដ្ឋលេខាធិការ  ក៏បានធ្វើការអំពាវនាវ  ដល់ម្ចាស់យានយន្តធំៗដែលប្រើប្រាស់ផ្លូវថ្នល់  សូមចូលរួមជាមួយក្រសួង  ក៏ដូចជាមន្ទីរ  មេត្តាកុំដឹកលើសទម្ងន់ដែលក្រសួងបានកំណត់  ដែលជាហេតុធ្វើឲ្យខូចផ្លូវប្រើប្រាស់មិនបានយូរអង្វែង។ ក្នុងការត្រួតពិនិត្យនេះជាលទ្ធផលមួយព្រឹកក្រុមការ​ងារ​ក្រសួង  បានរកឃើរថយន្តដែលល្មើសដឹកលើសទម្ងន់កំណត់ចំនួន៣គ្រឿង  យកទៅធ្វើការផាកពិន័យតាមច្បាប់  ដែលទន្ទឹមនោះភាគច្រើនជាប្រភេទរថយន្តដឹកខ្សាច់  ដឹកថ្ម  និងដឹកជីកសិកម្ម៕