ព័ត៌មានអន្តរជាតិ

ប្រមុខរដ្ឋចិនលើកឡើងថា «ប្រជាធិបតេយ្យមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយនោះទេ តែវាគឺជាសិទ្ធិរបស់ប្រជាជននៃប្រទេសនានា»

(ប៉េកាំង)៖ កាលពីថ្ងៃអង្គារ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានបានអញ្ជើញចូលរួមការជជែកពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ តាមរយៈវីដេអូពីទីក្រុងប៉េកាំង និងបានថ្លែងសុន្ទរកថាមួយក្រោមចំណងជើងថា «ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមគ្នាពុះពារឧបសគ្គ រួមគ្នាកសាងពិភពលោកឲ្យកាន់តែល្អបវរ»

ថ្លែងក្នុងឪកាសនៃជំនួបខាងលើនេះ លោក ស៊ី ជីនពីង (Xi Jinping) បានមានប្រសាសន៍ថា «ពិភពលោកមួយដែលមានការអភិវឌ្ឍដោយសន្តិភាព គួរតែមានអរិយធម៌ខុសៗគ្នា និងចាំបាច់ត្រូវមានមាគ៌ាច្រើន ដើម្បីឆ្ពោះទៅរកការធ្វើទំនើបភាវូបនីយកម្ម។ ប្រជាធិបតេយ្យមិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់ប្រទេសណាមួយនោះទេ តែវាជាសិទ្ធិរបស់ប្រជាជននៃប្រទេសនានា»

ជាមួយគ្នានេះ លោក ស៊ី (Xi) បានបន្តថា «ក្នុងរយៈពេលចុងក្រោយនេះ ការវិវឌ្ឍទៅមុខនៃស្ថានការណ៍អន្តរជាតិបានបង្ហាញម្តងទៀតថា ការជ្រៀកជ្រែកផ្នែកយោធាពីខាងក្រៅ និងអ្វីដែលហៅថា ការកែប្រែប្រជាធិបតេយ្យ គឺបានបង្កជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ យើងត្រូវតែផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិដែលប្រកបដោយ សន្តិភាព វឌ្ឍនភាព យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរី ព្រមទាំងបោះបង់ចោលការបង្កើតសម្ព័ន្ធមួយក្តាប់តូច និងការប្រកួតប្រជែងបែបផលបូកសូន្យ»

ក្នុងឪកាសដដែលនេះ លោក ស៊ី ជីនពីង (Xi Jinping) ក៏បានឆ្លៀតគូសបញ្ជាក់ផងដែរថា អ្វីដែលប្រជាជនបន្តវេនរបស់ចិននឹងស្វែងរកនោះ គឺទស្សនៈសន្តិភាពនិងភាពសុខដុមរមនា មិនថាពីអតីតកាល បច្ចុប្បន្នកាល ឬអនាគតកាលនោះទេ ប្រទេសចិននឹងមិនឈ្លានពានឬធ្វើបាបអ្នកដទៃឡើយ ហើយក៏មិនធ្វើជាស្តេច ឬធ្វើអនុត្តរភាពនោះដែរ។

លោក ស៊ី (Xi) បានបន្ថែមទៀតថា ប្រទេសចិនជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកក្នុងការអភិវឌ្ឍពិភពលោក ជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ និងជាអ្នកផ្គត់ផ្គង់ទំនិញសាធារណៈជានិច្ច ដែលនឹងបន្តផ្តល់កាលានុវត្តភាពថ្មី ដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ប្រទេសចិន៕

ប្រភព៖ FN