ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ជាឲ្យបុគ្គលិកទូតនិងក្រុមគ្រួសារចាកចេញពីប្រទេសបេឡារុស

(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍ម្សិលមិញនេះ សហរដ្ឋអាមេរិកបានចេញបញ្ជាឲ្យបុគ្គលិកទូត និងក្រុមគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសបេឡារុស ខណៈដែលពលរដ្ឋអាមេរិកក៏ត្រូវបានព្រមាន មិនឲ្យធ្វើដំណើរទៅកាន់ ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីនេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយយោងទៅលើការព្រួយបារម្ភ និងសកម្មភាពមិនប្រក្រតីនៃយោធារុស្ស៊ី នៅក្បែរព្រំដែនអ៊ុយក្រែន ពលរដ្ឋអាមេរិកដែលកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ឬគ្រោងធ្វើដំណើរទៅកាន់ប្រទេសនេះ គួរតែមានការប្រុងប្រយ័ត្ន នៅចំពោះមុខស្ថានការណ៍ដែលឥតព្រាងទុក និងភាពតានតឹងក្នុងតំបន់ដែលកំពុងបន្តកើនឡើង»

សូមជម្រាបថា ការចេញបទបញ្ជា និងព្រមាន ពីសំណាក់ទីក្រុងវ៉ាស៊ីនតោនខាងលើនេះ បានកើតមានឡើង ស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចមួយនេះ និងទីក្រុងម៉ូស្គូកំពុងជួបភាពតានតឹង ជុំវិញបញ្ហាអ៊ុយក្រែន ដែលបន្តឡើងកម្តៅកាន់តែខ្លាំង។

គិតមកទល់ពេលនេះ កងទ័ពរុស្ស៊ីរាប់សែននាក់ និងសព្វាវុធធុនធ្ងន់ផងដែរ ត្រូវបានគេដឹងថា កំពុងមានវត្តមាននៅលើទឹករុស្ស៊ី ក្បែរព្រំដែនអ៊ុយក្រែន ខណៈលោកខាងលិចនៅតែបន្តចោទប្រកាន់ថា រុស្ស៊ីអាចនឹងវាយលុកចូលអ៊ុយក្រែន ឆាប់បំផុតនៅពាក់កណ្តាលខែកុម្ភៈនេះ៕

ប្រភព៖ CGTN, FN