ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក តូច ឧត្តម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បានចុះធ្វើអធិការកិច្ចត្រួតពិនិត្យការងារជំនាញ នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម

កំពង់ចាម ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ លោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះអធិការកិច្ច នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ត្រួតពិនិត្យលើការងារផែននគរបាលយុត្តិធម៌ ការងារផែនសណ្តាប់ធ្នាប់ និងការងារផែនប្រឆាំងគ្រឿងញៀន ដោយក្នុងនោះ លោកព្រះរាជអាជ្ញារង បានធ្វើអធិការកិច្ចទៅលើ ៖
១-ត្រួតពិនិត្យសៀវភៅទទួលបណ្តឹងអង្កេតបឋម
២-ត្រួតពិនិត្យសៀវភៅទទួលបណ្តឹងជាក់ស្តែង
៣-ត្រួតពិនិត្យសៀវភៅឃាត់ខ្លួន
៤-សៀវភៅតាមដានសកម្មភាពបទល្មើស ។

ថ្លែងនៅក្នុងឱកាសនោះផងដែរ លោកព្រះរាជអាជ្ញារង បានធ្វើការណែនាំទៅលើកិច្ចការងារជំនាញមួយចំនួនដូចជា ៖

-ត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពសំណុំរឿងស៊ើបអង្កេតបឋម ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ រៀងរាល់ខែ ដោយធ្វើសេចក្តីរាយការណ៍តាមឋានានុក្រម រហូតដល់សាលាដំបូងខេត្ត

– ធ្វើបច្ចុប្បន្នភាពវត្ថុតាងដែលនៅសេសសល់ និង

– ត្រូវប្រុងប្រយ័ត្នចំពោះការបដិសេធទទួលពាក្យបណ្តឹង ៕