ព័ត៌មានអន្តរជាតិ

មន្រ្តីជាន់ខ្ពស់រុស្ស៊ីព្យាករថានឹងមានសង្រ្គាមផ្ទុះឡើងរវាងអាល្លឺម៉ង់និងបារាំងនៅឆ្នាំ២០២៣ ហើយលោក Elon Musk នឹងក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក

(មូស្គូ)៖ តាមការលើកឡើងរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) ដែលជាមនុស្សមានភក្ដីភាពបំផុតចំពោះលោក ពូទីន បានព្យាករថា នឹងមានសង្រ្គាមផ្ទុះឡើងរវាងអាល្លឺម៉ង់ និងបារាំងនៅឆ្នាំ២០២៣ ព្រមទាំងសង្រ្គាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកផងដែរ ដែលវានឹងត្រួសត្រាយផ្លូវឱ្យមហាសេដ្ឋីបច្ចេកវិទ្យាលោក អេឡុន ម៉ាសក៍ (Elon Musk) កា្លយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោក ម៉េដវ៉េដេវ (Medvedev) បច្ចុប្បន្នគឺជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី និងធ្លាប់កាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបាន ០១ អាណត្តិ នៅពេលដែលលោក ពូទីន ត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ លោកត្រូវបានគេរាយការណ៍ថាបានទទួលការតែងតាំងមុខងារថ្មីបន្ថែមទៀត នោះគឺជាអនុប្រធានរបស់ លោក ពូទីន នៅក្នុងស្ថាប័នមួយដែលមានតួនាទីត្រួតពិនិត្យលើឧស្សាហកម្មយោធារុស្ស៊ី។

នៅក្នុងការព្យាករសម្រាប់ឆ្នាំ២០២៣ដែលត្រូវបានបង្ហោះលើគណនី Telegram និង Twitter របស់លោកផ្ទាល់ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានឲ្យដឹងផងដែរថា ចក្រភពអង់គ្លេសអាចនឹង ត្រឡប់ទៅចូលរួមជាមួយសហភាពអឺរ៉ុបវិញ ដែលនៅទីបំផុតទៅនឹងត្រូវដួលរលំ។

ទោះជាយ៉ាងណាក្តី អ្នកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ University College London លោក វ្ល៉ាឌីមៀ ផាស្ទូកហូវ (Vladimir Pastukhov) បានធ្វើការកត់សម្គាល់ថា ការចេញមុខចេញមាត់របស់លោក ម៉េដវ៉េដេវ (Medvedev) នៅពេលនេះ គឺដើម្បីស្វែងរកការគាំទ្រ និងតម្រូវចិត្តលោក ពូទីន ដោយលោកបានបញ្ជាក់បន្ថែមថា «ការបង្ហោះសាររបស់លោក ម៉េដវ៉េដេវ (Medvedev) នៅលើ Telegram គឺលោកចង់ឱ្យមនុស្សម្នាក់បានឃើញ និងអានជាងគេ នោះគឺ លោក ពូទីន»

ប្រភព៖ AFP, FN