ព័ត៌មានអន្តរជាតិ

ហ្វីលីពីន​សម្លឹង​មើល​កិច្ចព្រមព្រៀង​ទំហំ ១០០ពាន់​លាន​ដុល្លារ​ពី​ជំនួប​កំពូល​ជាមួយ​សហរដ្ឋអាមេរិក និង​ជប៉ុនក្នុងសប្តាហ៍នេះ

(ម៉ានីល)៖ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់សម្តីឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនកំពុងសម្លឹងមើលកិច្ចព្រមព្រៀងវិនិយោគទំហំ ១០០ពាន់លានដុល្លារក្នុងរយៈពេល ០៥ទៅ ១០ឆ្នាំខាងមុខពីកិច្ចប្រជុំកំពូលត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុននៅទឹកដីអាមេរិកក្នុងសប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍ខាងលើបានឲ្យដឹងថា ការវិនិយោគនេះនឹងគ្របដណ្តប់លើវិស័យផ្សេងៗដែលរួមមានទាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ។

សូមជម្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចការងាររយៈពេល ០២ថ្ងៃសម្រាប់កិច្ចប្រជុំត្រីភាគីជាលើកដំបូងជាមួយសមភាគីអាមេរិក និងជប៉ុននៅថ្ងៃសុក្រស្អែកនេះ។

ជំនួបខាងលើនឹងផ្តោតសំខាន់លើការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដែនសមុទ្រនៃប្រទេសទាំងបី ខណៈដែលក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងហ្វីលីពីន និងចិនបានធ្លាក់ចូលក្នុងភាពតានតឹងជាបន្តបន្ទាប់ដោយសារការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រទេសទាំងពីរនៅតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង៕