ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ការលក់ទូរសព្ទ iPhone ក្នុងប្រទេសចិនវ៉ាដាច់ការលក់ក្នុងសហរដ្ឋអាមេរិកជាលើកដំបូង

អស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងតែងតែឃើញថាកម្រិតនៃលក់ទូរសព្ទ iPhone ក្នុងសហរដ្ឋអាមេរិកតែងតែនាំមុខទីផ្សារប្រទេសដ៏ទៃទៀត។ យ៉ាងណាមិញ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារស្មាតហ្វូននៅទូទាំងពិភពលោកឈ្មោះ TechInsights បានឲ្យដឹងថា ទំហំនៃការលក់ទូរសព្ទ iPhone នៅក្នុងប្រទេសចិន គឺបានកើនឡើងក៏ដូចជាវ៉ាដាច់ទំហំលក់ក្នុងទីផ្សារសហរដ្ឋអាមេរិកនៅក្នុងត្រីមាសទី ២ នៃឆ្នាំ២០២៣ដែលបញ្ចប់ទៅកាលពីខែមិថុនាកន្លងទៅនេះ។

នៅក្នុងរបាយការណ៍ដដែលនោះ គេបានបង្ហាញថា ប្រទេសចិនមានចំនួនការលក់ទូរស័ព្ទ iPhone សរុបដល់ទៅខ្ទង់ ២៤ភាគរយខណៈដែលទីផ្សារក្នុងប្រទេសសហរដ្ឋអាមេរិកវិញ គឺមានការលក់សរុបបានខ្ទង់ ២១ភាគរយបើគិតនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៣នេះ។

នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តហើយ ដែលកំណើនទីផ្សារលក់ iPhone ក្នុងប្រទេសចិនបានកើនឡើងខ្លាំងជាងទីផ្សាររបស់សហរដ្ឋអាមេរិកដែលជាប្រទេសដើមរបស់ iPhone ផ្ទាល់ទៅទៀត។

លើសពីនេះ របាយការណ៍ខាងលើបានប្រាប់ទៀតថា សម្រាប់ iPhone 14 Pro Max គឺជាម៉ូដែលមួយដែលលក់ដាច់បំផុតក្នុងប្រទេសចិន និងតំបន់អាស៊ីមួយចំនួនទៀតផង។

គួរឲ្យដឹងផងដែរថា នៅក្នុងត្រីមាសទី២​ នៃឆ្នាំ២០២៣នេះ ទូរសព្ទ iPhone 14 Pro Max គឺមានការនាំចេញបានខ្ទង់ ២៦.៥​ លានគ្រឿងនៅទូទាំងពិភពលោក ដែលនេះជាចំនួនច្រើនបំផុតក្នុងចំណោមម៉ូដែលផ្សេងៗទៀតរបស់ iPhone។ រីឯ iPhone 14 Pro គឺស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ជាមួយនឹងការនាំចេញខ្ទង់ ២១ លានគ្រឿងនៅទូទាំងពិភពលោក បើគិតត្រឹមឆមាសទី២ ឆ្នាំ២០២៣ ដូចគ្នា៕