ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារអាហារសិង្ហបុរីបញ្ជាក់ថា គ្មាន​សាធាតុ​វិទ្យុសកម្ម​ត្រូវ​បាន​រក​ឃើញក្នុងផលិតផលសមុទ្រដែលនាំចូល​ពី​ប្រទេស​ជប៉ុននោះទេ

(សិង្ហបុរី)៖ តាមការបញ្ជាក់របស់ទីភ្នាក់ងារអាហារសិង្ហបុរី (Singapore Food Agency) កាលពីថ្ងៃអាទិត្យ ថ្ងៃទី០៣ ខែកញ្ញាបានឲ្យដឹងថា អាជ្ញាធរសិង្ហបុរីមិនបានរកឃើញសាធាតុវិទ្យុសកម្មក្នុងផលិតផលសមុទ្រដែលនាំចូលពីប្រទេសជប៉ុននោះ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានសម្រេចបង្ហូរទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រ ហ្វូគូហ្ស៊ីម៉ា (Fukushima) និងបន្ទាប់ពីមានការចេញផ្សាយមាតិកាក្លែងក្លាយរបស់សារព័ត៌មាន The Wall Street Journal ដែលបានលើកឡើងថា <<ប្រទេសសិង្ហបុរីបានរកឃើញសារធាតុវិទ្យុសកម្មនៅក្នុងគម្រូបន្លែចំនួន ០៤ ដែលនាំចូលពីប្រទេសជប៉ុន ហើយបានពង្រីកការហាមឃាត់ចំពោះអាហារពីខេត្តជប៉ុនចំនួនពីរបន្ថែមទៀត។>>
ការចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal ដដែលបានបន្តថា <<ប្រទេសជាច្រើនទៀតហាមឃាត់ការនាំចូលអាហារជប៉ុន ខណៈដែលប្រទេសកាន់តែច្រើនបានរកឃើញការចម្លងរោគវិទ្យុសកម្មនៅក្នុងអាហារដែលនាំចូលពីប្រទេសជប៉ុន៕ កិច្ចខិតខំប្រឹងប្រែងដើម្បីការពារវារីករាលដាលតាមរយៈខ្សែសង្វាក់អាហារពិភពលោកបានទទួលភាពបន្ទាន់ថ្មីមួយ>>

ជាការឆ្លើយតបទៅនឹងការចេញផ្សាយខាងលើ ទីភ្នាក់ងារអាហារសិង្ហបុរី (Singapore Food Agency) បានអះអាងថា ខ្លួនមិនបានរកឃើញសាធាតុវិទ្យុសកម្មក្នុងបន្លែនាំចូលពីប្រទេសជប៉ុន ឬផលិតផលចំណីអាហារមកពីខេត្តរបស់ជប៉ុនដែលស្ថិតក្នុងបញ្ជីហាមដោយប្រទេសមួយចំនួនឃាត់នោះទេ។

ទីភ្នាក់ងារនេះក៏បានរំលឹកឡើងវិញដែរថា ខ្លួនប្រកាន់យកវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រដើម្បីឈានទៅរកការវាយតម្លៃហានិភ័យសុវត្ថិភាពចំណីអាហារ។

សូមជម្រាបថា រាល់ផលិតផលអាហារដែលនាំចូលទៅកាន់ប្រទេសសិង្ហបុរី ត្រូវស្ថិតនៅក្រោមការតាមដាន និងត្រួតពិនិត្យរបស់ ទីភ្នាក់ងារអាហារសិង្ហបុរី (Singapore Food Agency) ដែលក៏រួមមានផងដែរនូវការឃ្លាំមើលលើសាធាតុវិទ្យុសកម្ម។ វិធានការអនុវត្តច្បាប់នឹងត្រូវធ្វើឡើង ប្រសិនបើការនាំចូលអាហារណាមួយត្រូវបានរកឃើញថាមិនមានសុវត្ថិភាព ឬមិនសមរម្យសម្រាប់ការប្រើប្រាស់៕

ប្រភព៖ CNA