បច្ចេកវិទ្យា

កម្មវិធីគ្រប់គ្រងរូបិយប័ណ្ណ​ឌីជីថល “បាគង” របស់កម្ពុជា​កើន​ចំនួនអ្នកប្រើប្រាស់ដល់ ​១០​លានគណនី

(ភ្នំពេញ)៖ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានជប៉ុន Nikkei Asia កាលពីថ្ងៃអង្គារ ទី១៩ ធ្នូ ឆ្នាំ២០២៣នេះ ទេសាភិបាលធនាគារកណ្តាលកម្ពុជា លោកជំទាវ ជា សេរី បានបញ្ជាក់ឱ្យដឹងថា គិតមកទល់ពេលនេះ កម្មវិធីគ្រប់គ្រងរូបិយប័ណ្ណឌីជីថល “បាគង” ដែលបង្កើតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុនបង្កើតថ្មីរបស់ជប៉ុន បានកើនចំនួនអ្នកប្រើប្រាស់ដល់ ១០លានហើយ។

របាយ​ការណ៍​បាន​បង្ហាញ​ថា តួលេខ​នេះ​គឺ​ជាសមទ្ធិផល​ដ៏​សំខាន់​មួយ ខណៈដែលចំនួននេះបានឲ្យឃើញថា​ប្រជាជន​កម្ពុជាប្រមាណ ៦០ភាគរយ​មាន​សក្តានុពលក្នុងការ​ប្រើប្រាស់​កម្មវិធី “បាគង” នេះ​សម្រាប់ធ្វើ​ប្រតិបត្តិការទូទាត់ការទិញទំនិញ និងសេវាកម្មផ្សេងៗ។

ជាមួយគ្នានេះ លោកជំទាវ ជា សេរី ក៏បានចែករំលែកពីផែនការសម្រាប់ពង្រីកសាខា “បាគង” ជាអន្តរជាតិផងដែរ ជាពិសេសតាមរយៈការសហការជាមួយ UnionPay International ដែលជាសេវាទូទាត់តាមកាតរបស់ប្រទេសចិន និងដៃគូផ្សេងទៀតក្នុងសកលលោក។​

ជាងនេះទៅទៀត ធនាគារជាតិនៃកម្ពុជាក៏មានគោលបំណងពង្រឹងបណ្តាញទូទាត់ឆ្លងដែនសម្រាប់រូបិយប័ណ្ណឌីជីថលរបស់ខ្លួន ដោយជំរុញប្រតិបត្តិការឆ្លងព្រំដែនជាមួយប្រទេសដទៃដោយមិនទាមទារដំណើរការស្មុគស្មាញ។

នៅក្នុងបទសម្ភាសន៍ខាងលើ លោកជំទាវ ជា សេរី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដាក់បញ្ចូលហិរញ្ញវត្ថុ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលក្នុងការពង្រឹងបន្ថែមទៀតនូវការដាក់បញ្ចូលហិរញ្ញវត្ថុដោយផ្តោតលើការការពារអ្នកប្រើប្រាស់ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។

លើសពីនេះ លោកជំទាវបានឲ្យដឹងថា ធនាគារកណ្តាលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ Alipay ដែលជាសេវាទូទាត់ឌីជីថលរបស់ Ant Group ដែលមានមូលដ្ឋានក្នុងប្រទេសចិន ហើយបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយធនាគារកណ្តាលនៃកោះ សូឡូម៉ុន (Solomon Islands) ធនាគារបម្រុង Fiji និងធនាគារជាតិនៃប្រទេសរវ៉ាន់ដាផងដែរ។

យោងតាមការបញ្ជាក់របស់សារព័ត៌មានជប៉ុន Nikkei Asia  ធនាគារជាតិនៃកម្ពុជាក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុនផងដែរ ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការទូទាត់តាម QR code រវាងប្រទេសទាំងពីរ។

សូមជម្រាបថា​ ចាប់តាំងពីបើកដំណើរការកាលពីឆ្នាំ២០២០ “បាគង” គឺជាសមទ្ធិផលនៃកិច្ចសហការរវាងធនាគារកណ្តាលរបស់កម្ពុជា និងធនាគារពាណិជ្ជរាប់សិប ជាមួយនឹងការបង្កើតឡើងបែប blockchain ដែលត្រូវបានរចនាដោយក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនឈ្មោះ Soramitsu Co.

ដោយមើលឃើញពីកំណើននៃការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ឫស្មាតហ្វូនយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ធនាគារកណ្តាលមានគោលបំណងប្រើប្រាស់កម្មវិធី “បាគង” នេះ ជាដំណោះស្រាយសម្រាប់ការនាំយកសេវាធនាគារដល់ប្រជាជនដែលមិនមានធនាគារនៅតាមមូលដ្ឋានរបស់ខ្លួន។ ស្រដៀងទៅនឹងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនដែរ កម្ពុជាប្រឈមមុខនឹងបញ្ហាធំមួយ ដោយមួយភាគធំនៃប្រជាជនរបស់ខ្លួនខ្វះលទ្ធភាពទទួលបានសេវាធនាគារសំខាន់ៗ៕