ព័ត៌មានអន្តរជាតិ

កាណាដា ជំរុញចិនឲ្យប្រើប្រាស់ឥទ្ធិពលខ្លួនក្នុងការរក្សាសុវត្ថិភាពនៅសមុទ្រក្រហម

(អូតាវ៉ា)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយថា ប្រទេសចិនគួរតែដើរតួនាទីក្នុងការរក្សាសមុទ្រក្រហមឱ្យមានសុវត្ថិភាពសម្រាប់ពាណិជ្ជកម្ម ពីព្រោះកប៉ាល់របស់ចិនក៏ទទួលរងហានិភ័យពីការវាយប្រហារនៅទីនោះផងដែរ។ នេះបើតាមការដកស្រង់ និងចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ កុម្ភៈ ឆ្នាំ២០២៤។

លើកឡើងនៅក្នុងបទសម្ភាសន៍មួយ លោកស្រី Joly បាននិយាយថា លោកស្រីបានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃសៅរ៍នៅក្នុងកិច្ចប្រជុំទ្វេភាគីមួយថា ទីក្រុងប៉េកាំងត្រូវជួយប្រើឥទ្ធិពលរបស់ខ្លួនលើក្រុម ហ៊ូធីស (Houthis) នៅយ៉េមែន ដើម្បីការពារសមុទ្រក្រហម ដោយលោកស្រីបានបញ្ជាក់ថា “វាគឺជាផលប្រយោជន៍របស់ប្រទេសចិនក្នុងនាមជាអ្នកនាំចេញ”

សូមជម្រាបថា ក្រុមឧទ្ទាម ហ៊ូធីស (Houthis) នៅប្រទេសយេម៉ែនដែលជាសម្ព័ន្ធមិត្ត និងទទួលបានការឧបត្ថម្ភពីអ៊ីរ៉ង់ បានធ្វើការវាយប្រហារជាបន្តបន្ទាប់នៅសមុទ្រក្រហមលើនាវាពាណិជ្ជកម្ម រួមទាំងនាវាដឹកប្រេងផងដែរ។

ក្រុមនេះបានប្រកាសថា ការវាយប្រហាររបស់ខ្លួនគឺជាការគាំទ្រប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាដែលកំពុងរងការវាយប្រហារយ៉ាងតំណំពីអ៊ីស្រាអែលដែលរហូតមកទល់ពេលនេះមានប្រជាជនប៉ាឡេស្ទីនជិត ៣០,០០០នាក់ហើយបានបាត់បង់ជីវិត។

ការវាយប្រហាររបស់ក្រុមនេះនៅសមុទ្រក្រហម បានបង្កឲ្យមានការឡើងថ្លៃតម្លៃដឹកជញ្ជូន និងការធានារ៉ាប់រង ដោយបង្អាក់ផ្លូវពាណិជ្ជកម្មសំខាន់រវាងអាស៊ី និងអឺរ៉ុបមួយនេះ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយនាវាផ្សេងៗនៅទូទាំងពិភពលោក ដែលរួមមានទាំងនាវាចិនជាច្រើនផងដែរ។

ជុំវិញបញ្ហានេះ សហរដ្ឋ​អាមេរិក និង​ចក្រភពអង់គ្លេស ​បាន​ជំរុញ​ឱ្យ​ចិន​ធ្វើ​អន្តរាគមន៍​តាមរយៈ​អ៊ីរ៉ង់ ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​នេះ៕