រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ  ក្រោមអធិបតីភាព ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងប្រតិភូអមដំណើរ ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រដ្ឋបាលក្រុង-ស្រុក-ឃុំ-សង្កាត់, មន្ទីរជំនាញពាក់ព័ន្ធ ផងដែរ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ ដោយសង្ខេបអំពីសកម្មភាពនិងលទ្ធផលដែលខេត្តបន្ទាយមានជ័យ បានអនុវត្តកន្លងមក អំពីការ​ងារគ្រប់គ្រងទីតាំងអាជីវកម្មឆ្នោតឡូតូក្នុងភូមិសាស្ត្រខេត្ត មានទីតាំងអាជីវកម្មឆ្នោតឡូតូចំនួន៧៤កន្លែង ត្រូវបានបិទឈប់ដំណើរការទាំងស្រុង ត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ។ ទីតាំង អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាក់តិភោគដោយអនុប្បទាន មានក្រុមហ៊ុន-សហគ្រាសមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ចំនួន១៦ទីតាំង  ក្រុមហ៊ុន-សហគ្រាសមានលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន១៧ទីតាំង ហាងបញ្ចាំពុំមានលិខិតអនុញ្ញាត ចំនួន១៩ ហាង។ ក្រុងប៉ោយប៉ែត មានកាស៊ីណូសរុប ចំនួន៣២ ក្នុងនោះមាន៖កាស៊ីណូចំនួន២៧ កំពុងដំណើរការ កាស៊ីណូចំនួន០២ពុំទាន់ដំណើរការ ក្នុងនោះមានកាស៊ីណូចំនួន០១មានអាជ្ញាប័ណ្ណហួសសុពលភាព មាននីតិភាពកាស៊ីណូ ចំនួន៣ បានបិទមិនដំណើរការ ដោយគ្មានឯកសារ។

ថ្លែងនាឱកាសនោះ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានមានប្រសាសន៍ថា៖ កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១/-បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបន្ទាយមានជ័យ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់និង ដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុង កើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។ ២/-បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ សំដៅផ្លាស់ប្តូរ ព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាប័ណ្ណ ឬ អាជ្ញាប័ណ្ណសាខានិងលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពីគ.ល.ក. ។​៣/-លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់​គ្រងអាជីវកម្មល្បែងផ្សង សំណាង ដើម្បីជំរុញអនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ជាទីបញ្ចប់ គណៈអធិបតីក៏បានថ្លែងអំណគុណ និងផ្ដាំផ្ញើ ដល់លោកលោកស្រីទាំងអស់ត្រូវបន្តការយកចិត្តទុក ដាក់  បង្កើនការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងចាត់វិធានការបង្ក្រាបនិងទប់ស្កាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ដើម្បីធានាដល់ការលើកកម្ពស់ជីវភាពរស់នៅ ភាពសុខសាន្ត និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាការរួមចំណែកមួយដ៏ធំក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៕