បច្ចេកវិទ្យា

ក្រុមហ៊ុន Meta នឹងចាប់ផ្តើមដាក់ស្លាកសញ្ញាសម្គាល់លើមាតិកាដែលបង្កើតឡើងដោយ AI

នៅថ្ងៃសុក្រសប្តាហ៍នេះ Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram បានប្រកាសថា ខ្លួននឹងចាប់ផ្តើមដាក់ស្លាកសញ្ញាសម្គាល់លើមាតិកាជាវីដេអូ សម្លេង និងរូបភាពណា ដែលត្រូវបានបង្កើតឡើងដោយ AI ចាប់ពីខែឧសភាខាងមុខ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឡើងវិញដល់អ្នកប្រើប្រាស់ និងរដ្ឋាភិបាលអំពីហានិភ័យនៃការក្លែងបន្លំនានា ជាពិសេសគឺការក្លែងបន្លំអត្តសញ្ញាណ។

ក្នុងសេចក្តីប្រកាសខាងលើ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះបានបន្ថែមថា ខ្លួននឹងលែងធ្វើការលុបមាតិកាជារូបភាព និងសំឡេងណាដែលត្រូវបានចាត់ទុកថាមិនបំពានច្បាប់របស់ខ្លួនទៀតហើយ ដោយជំនួសវិញដោយការដាក់ស្លាកសញ្ញាសម្គាល់ និងការបញ្ជាក់ពីភាពពិតនៃមាតិកាទាំងនោះ ដើម្បីកុំឱ្យមានការចោទប្រកាន់ជុំវិញការរំលោភលើសេរីភាពនៃការបញ្ចេញមតិ។

សូមជម្រាបថា វិធានការណ៍នេះត្រូវបានបានរៀបចំឡើងជាការឆ្លើយតបទៅនឹងការរិះគន់ពីក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ដែលអ្នកត្រួតពិនិត្យដោយឯករាជ្យលើការសម្រេចចិត្តក្នុងការសម្របសម្រួលមាតិកាលើប្រព័ន្ធផ្សព្វផ្សាយ។

កាលពីខែកុម្ភៈ ក្រុមប្រឹក្សាភិបាលបានស្នើសុំឱ្យ Meta កែសម្រួលជាបន្ទាន់នូវវិធីសាស្រ្តដែលប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនអនុញ្ញាតសម្រាប់មាតិកាដែលបង្កើតឡើងដោយ AI និងភាពងាយស្រួលក្នុងការប្រើប្រាស់មាតិកាទាំងនោះសម្រាប់ធ្វើសកម្មភាពក្លែងបន្លំដែលមើលទៅគួរឱ្យជឿជាក់។ ការព្រមានរបស់ក្រុមប្រឹក្សាភិបាលខាងលើ​នេះ បានកើតឡើងចំពេលមានការភ័យខ្លាចនៃការប្រើប្រាស់វេទិកាដែលមានប្រជាប្រិយភាពទាំងនោះក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញការបោះឆ្នោតមិនត្រឹមតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក។

Meta នឹងប្រើប្រាស់ស្លាក “Made with AI” ដើម្បីបញ្ជាក់ពីអត្តសញ្ញាណមាតិកាណាដែលត្រូវបានបានបង្កើត ឬកែច្នៃដោយ AI

លើសពីនេះ ស្លាកសញ្ញាដែលលេចធ្លោជាងនេះ នឹងត្រូវប្រើប្រាស់សម្រាប់មាតិកាណាដែលមានខ្លឹមសារត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ដែលអាចបំភ័ន្តសាធារណជន៕