ព័ត៌មានអន្តរជាតិ

ហ្វីលីពីន​ព្រមាន​ពី​កម្រិត​គ្រោះថ្នាក់នៃសីតុណ្ហភាព​ដែលអាចឡើង​ដល់កម្រិត ​៥១​អង្សា​

(ម៉ានីល)៖ នៅថ្ងៃចន្ទ ទី០៨ ខែមេសាដើមសប្តាហ៍នេះ ការិយាល័យអាកាសធាតុជាតិរបស់ហ្វីលីពីនបានធ្វើការព្រមានអំពីសន្ទស្សន៍កំដៅដែលអាចកើនដល់កម្រិត ៥១អង្សាសេនៅក្នុងតំបន់យ៉ាងហោចណាស់ចំនួន ០៩នៅទូទាំងប្រទេស ហើយបានចាត់ថ្នាក់តំបន់ទាំងនោះថាជា “តំបន់គ្រោះថ្នាក់ខ្លាំង” ដែលមានសីតុណ្ហភាពចាប់ពីចន្លោះ ៤២ ដល់ ៥១ អង្សាសេ។

ដោយឡែក ចំណែកផ្នែកផ្សេងទៀតនៃ​ប្រទេស​អាស៊ី​អាគ្នេយ៍នេះ ​គឺ​ស្ថិត​នៅ​ក្រោមកម្រិតនៃការ​ប្រុង​ប្រយ័ត្ន​ខ្លាំងដោយ​មាន​សីតុណ្ហភាព​ចាប់​ពី ៣៣ ទៅ ៤១ អង្សាសេ។ ប៉ុន្តែការិយាល័យខាងលើនេះបានព្រមានថា ជំងឺដាច់សរសៃឈាមដោយសារអាកាសធាតុក្តៅខ្លាំងគឺជារឿងត្រូវប្រុងប្រយ័ត្ន ហើយនឹងបន្តមានផលប៉ះពាល់ដល់មនុស្សគ្រប់វ័យ។

ដើម្បីជៀសវាងផលវិបាកដែលអាចកើតមានពីកំដៅខ្លាំង ការិយាល័យខាងលើបានណែនាំសាធារណៈជនឱ្យកាត់បន្ថយសកម្មភាពនៅក្រៅផ្ទះ និងផឹកទឹកឱ្យបានច្រើន។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលបានអនុញ្ញាតឱ្យសាលារៀនមួយចំនួនអនុវត្តការបង្រៀនតាមប្រព័ន្ធអនឡាញដើម្បីការពារសិស្ស ជាពិសេសកុមារពីសន្ទស្សន៍កំដៅខ្ពស់ដែលកំពុងបន្តកើនឡើងក្នុងពេលនេះ៕