ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

​វៀតណាម​ជាប្រទេសរង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធអ៊ីនធឺណិត​នៅ​អាស៊ីអាគ្នេយ៍

(ហាណូយ)៖ យោងតាមការចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម VnExpress នៅថ្ងៃចន្ទដើមសប្តាហ៍នេះដោយដកស្រង់សេចក្តីរាយការណ៍របស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតសកល Kaspersky បានឲ្យដឹងថា វៀតណាមគឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានអាជីវកម្មរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការគំរាមកំហែងតាមអ៊ីនធឺណិតជាមួយចំនួនសរុបរហូតដល់ ១៧.១លានករណីកាលពីឆ្នាំ ២០២៣។

បន្ទាប់ពីវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ គឺជាប្រទេសចំណាត់ថ្នាក់ទី២ និងទី៣ ដែលរងការគំរាមកំហែងពីសកម្មភាពដូចខាងលើ ដោយឥណ្ឌូនេស៊ីបានរាយការណ៍ពីករណីសរុបចំនួន ១៤.៦លាន ហើយថៃបានរាយការណ៍ពីករណីសរុបចំនួន ៤.៧លាន។

យោងតាមក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម គិតពីដើមឆ្នាំមកទល់ពេលនេះ អាជ្ញាធរបានរកឃើញសកម្មភាពវាយប្រហារតាមអ៊ីនធឺណិតចំនួន ១៨១២ករណី ដែលចំនួននេះមានការធ្លាក់ចុះ ៣៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងខាងលើបានឲ្យដឹងថា ខ្លួនគ្រោង​នឹង​បង្កើត និង​ចេញ​សៀវភៅ​ណែនាំ​ស្ដីពី​សុវត្ថិភាព​ប្រព័ន្ធ​ព័ត៌មាន​ទៅតាម​កម្រិត​នៅ​ត្រីមាស​ទីពីរនេះ។

យោងតាមក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតសកល Kaspersky ប្រទេសអាស៊ីអាគ្នេយ៍បានរកឃើញការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេតក្នុងស្រុកសរុបជិត ៤៣ លានករណីកាលពីឆ្នាំ ២០២៣ដែលបានកំណត់គោលដៅលើអាជីវកម្ម។ ក្នុងនោះ ប្រទេសសិង្ហបុរីបានកត់ត្រាពីការកើនឡើងក្នុងកម្រិត ៦៧ភាគរយពីសកម្មភាពគំរាមកំហែងខាងលើ ពោលគឺពីចំនួន ៣០០,០០០ករណីក្នុងឆ្នាំ ២០២២ ដល់ ៥០០,០០០ករណីក្នុងឆ្នាំ ២០២៣ ខណៈដែលនេះជាកម្រិតទាបបំផុតនៅក្នុងតំបន់។

នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Kaspersky លោក Adrian Hia បាននិយាយថា “អាស៊ីអាគ្នេយ៍បង្ហាញពីសក្តានុពលដ៏រឹងមាំដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅទូទាំងពិភពលោក។ តំបន់នេះក៏មានភាពស៊ីសង្វាក់គ្នាក្នុងការចាប់យកកំណើនសេដ្ឋកិច្ចឌីជីថលប្រកបដោយស្ថិរភាពផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ”

ជាមួយហេតុផលបែបនេះហើយ ទើបធ្វើឲ្យតំបន់នេះបានក្លាយជាគោលដៅដ៏មានសក្តានុពលសម្រាប់ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត៕