ព័ត៌មានក្នុងប្រទេស

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុងបានដឹកនាំក្រុមការងារខេត្ត ចូលរួមអមដំណើរឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រុមការងារនៃគណៈកម្មការអន្តរក្រសួង ចុះពិនិត្យទីតាំងស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស

ខេត្តកោះកុង​៖​ ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤​ លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមអមដំណើរឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រុមការងារនៃគណៈកម្មការអន្តរក្រសួង ចុះពិនិត្យទីតាំងស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ចេជាង ដែលមានទីតាំងស្ថិតនៅភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង លើផ្ទៃដីទំហំ ៧០៧ហិកតា ក្នុងទុនវិនិយោគ ១០០លានដុល្លារអាមេរិក។

តាមរយៈការចុះពិនិត្យទីតាំងស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ចេជាង ក្នុងនាមរដ្ឋបាលខេត្ត បានសំណូមពរមួយចំនួនដូចខាងក្រោម៖
១-សូមក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដេីម្បីដោះស្រាយបញ្ហានានាដែលកេីតឡេីងជាយថាហេតុ
២-សូមស្នើក្រុមហ៊ុនបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង
៣-សូមរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា
៤-ចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។