ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយថវិកាឧបត្ថម្ភជូនដល់កងកម្លាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តកែប៖ នៅថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយថវិកាឧបត្ថម្ភជូនដល់កងកម្លាំងប្រដាប់អាវុធនៃស្នងការដ្ឋាននគរបាលខេត្តកែប​ តំបន់ប្រតិបត្តិការសឹករងកែប និងវីរៈសេនាតូចនគរបាលការពារព្រំដែនទឹក លេខ ៤៣០​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលនេះ។

ថ្លែងក្នុងឱកាសខាងលើនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងកម្លាំងនគរបាលទាំងអស់ ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់កងកម្លាំង។

ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរចំពោះសមទ្ធិផល និងកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់កងកម្លាំងនាពេលកន្លងមក ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ។

ជាមួយនេះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញលើកទឹកចិត្ត ដល់កងកម្លាំងទាំងអស់ សូមបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានល្អបន្ថែមទៀត ៕