រដ្ឋបាលរាជធានី-ខេត្ត

រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ទូទាំងខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរជាង ២២ម៉ឺននាក់ ក្នុងនោះ «សង្ក្រាន្តត្បូងឃ្មុំ» មានជាង ១៧មុឺននាក់

ខេត្តត្បូងឃ្មុំ ៖ រយៈពេល២ថ្ងៃ នៅថ្ងៃទី១៣ និង១៤ ខែមេសា ឆ្នាំ ២០២៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរ ដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានា សរុបចំនួន២២១,៣០០នាក់។ 

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ឲ្យដឹងទៀតថា: ក្នុងនោះនាថ្ងៃទី១៣ ខែមេសា មានភ្ញៀវទេសចរ សរុបមានចំនួន ១០០,៧៧០នាក់ និងថ្ងៃទី១៤ ខែមេសា មានចំនួន ១២០,៥៣០នាក់។ 

ចំពោះតំបន់ដែលមានពលរដ្ឋទៅលេងច្រើនជាងគេ គឺនៅបុរីរដ្ឋបាលទីរួមខេត្ត ដែលរដ្ឋបាលខេត្តរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល២ថ្ងៃ មានភ្ញៀវទេសចរសរុបប្រមាណ ១៧៦.០០០នាក់។ ក្រោមការដឹកនាំរៀបចំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ។

សូមជម្រាបថា: ព្រឹត្តិការណ៍ សង្ក្រាន្តត្បូងឃ្មុំ ឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ, លាក់កន្សែង, វាយក្អម, ឡើងសសរខា្លញ់។  ជាមួយគ្នានេះ ក៏មានរៀបចំ «តំបន់ត្រជាក់» បាញ់ទឹក និងប្រគុំតន្រ្តីរាំលេងកម្សាន្តសប្បាយ។ 

បន្ថែមពីនេះ មានកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ព្រមទាំង រៀបចំស្តង់ពិព័រណ៍ ការប្រគុំតន្រ្តីសម័យ និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រីយ៉ាងស្រស់ស្អាតផងដែរ។

សូមបញ្ជាក់ថា: រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំ <<សង្ក្រាន្តត្បូងឃ្មុំ>> នៅទីរួមខេត្ត រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ (ក្រោមម្លប់សុខសន្តិភាព) ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕