ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង​៖​ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧  ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ អគារ ខ សាលាខេត្ត ឯកឧត្តម ប៉េង  ពោធិ៍សា  អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកស្រីមេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកប្រធានសាខា  បសស ខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ តំណាងស្នាក់ការស៊ើបការណ៍ប្រចាំខេត្តស្វាយរៀង នៃការិយាល័យទី២ បញ្ជាការដ្ឋានកងទ័ពជើងគោក លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋបានល្អក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ក៏ដូចជាការចូលរួមសហការជាមួយ សសយក/ក្រុង/ស្រុក ក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំងនានាក្នុងមូលដ្ឋានក្រុង/ស្រុកនីមួយៗ។
ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើនិងដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១- អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការការពារគ្រោះអគ្គិសភ័យក្នងរដូវរាំងស្ងួតនេះ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាព។
២.អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អនូវក្នុងមូលដ្ឋានរបស់ខ្លួនឱ្យ។
៣.ត្រូវបន្តការសហការសមត្ថកិច្ចពាក់ព័ន្ធក្នុងការរៀបចំពិនិត្យធ្វើតេស្តរកសាធាតុញៀននៅតាមរដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពនានាក្នុងខេត្ត។
៤.អាជ្ញាធក្រុងស្រុកត្រូវពិនិត្យតាមដានរាល់ការចាក់បំពេញអាចម៌ដីនៅទីតាំងនានានៅក្នុងមូលដ្ឋារបស់ខ្លួនដែលមានអាជីវកម្មធំៗត្រូវឲ្យមានច្បាប់អនុញ្ញាតមុននឹងជីក ឫដឹកជញ្ជូន ទន្ទឹមនោះត្រូវពិនិត្យទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាស់ដូចជា ដីព្រៃដីបឹងជាដើមមកធ្វើជាកម្មសិទ្ធ។
៥.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
៦.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។
៧.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។