ព័ត៌មានក្នុងប្រទេសព័ត៌មានអន្តរជាតិ

កម្ពុជា-ឡាវប្តេជ្ញាប​ន្តជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងតំបន់

នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ថងលូន ស៊ីស៊ូលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអញ្ជើញមកដល់ប្រទេសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ០២ថ្ងៃ តបតាមព្រះរាជអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី។

បន្ទាប់ពីបានមកដល់ទឹកដីកម្ពុជា លោកបានអញ្ជើញជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព ដោយក្នុងជំនួបខាងលើ មេដឹកនាំទាំងពីរបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យសំខាន់ៗមួយចំនួន រួមមានថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការពារជាតិ និងសន្តិសុខ ព្រមទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីភាពរីកចម្រើនរួមរបស់ប្រទេស និងប្រជាជនទាំងពីរផងដែរ។

ក្រៅពីនេះ លោក ថងលូន ស៊ីស៊ូលីត បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រការធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) របស់ឡាវ សម្រាប់ឆ្នាំ ២០២៤ ហើយលោកបានប្រាប់ទៅកាន់សម្តេចធិបតីថា ប្រទេសឡាវ ទន្ទឹងរង់ចាំស្វាគមន៍សម្តេចសម្រាប់ដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ នាខែតុលាខាងមុខ នៅទីក្រុងវៀងចន្ទន៍។

ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមប្រធានរដ្ឋឡាវបានជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏នឹងជួបសវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំងផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ​ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។

ឯកឧត្តមប្រធានរដ្ឋឡាវ ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» ផងដែរ៕