រដ្ឋបាលរាជធានី-ខេត្ត

មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ​ ប្រារព្ធ ទិវា​ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់​ ក្រោមប្រធានបទ​ “​ លើកកម្ពស់សមធម៌សុខភាព​ សមធម៌ភាពយេនឌ័រ​ និងសិទ្ធិមនុស្ស បប្រយុទ្ធនឹងជំងឺគ្រុនចាញ់ “​

បន្ទាយមានជ័យ​ ៖​ នៅថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ​ ប្រារព្ធ ទិវា​ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់​ ក្រោមប្រធានបទ​ “​ លើកកម្ពស់សមធម៌សុខភាព​ សមធម៌ភាពយេនឌ័រ​ និងសិទ្ធិមនុស្ស ប្រយុទ្ធនឹងជំងឺគ្រុនចាញ់” ២៥​ មេសា​ ២០២៤​ ប្រារព្ធធ្វេីឡេីងសាលាបឋមសិក្សា​ ភូមិថ្មី​ ស្ថិតក្នុងឃុំណាំតៅ​ ស្រុកភ្នំ​ស្រុកខេត្តបន្ទាយមានជ័យ​។

​ លោក​ រឿន​ សុធី​ អនុប្រធានមន្ទីរសុខាភិបាល​ បញ្ជាក់ថា​ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ក៏ដូចជារបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស្មូដីយ៉ូម-ហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣ និងគ្រប់ប្រភេទទាំងអស់នៅឆ្នាំ២០២៥ ស្ថានភាពជំងឺ គ្រុនចាញ់ក្នុងខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២៣ មានករណីគ្រុនចាញ់ចំនួន០៣នាក់​ ក្នុងម្នាក់ប្រភេទ PF និង២នាក់​ បប្រភេទPV ដែលសុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេស។

​ ដេីម្បីឈានដល់ការលុបបំបាត់ និងទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ គ្រប់ប្រភេទមេរោគទាំងអស់ នៅឆ្នាំ២០២៥ លោកស្រី​ រស់​ សុ​ផានី​ ក៏បានផ្តល់អនុសាសន៍ដល់អ្នកពាក់ព័ន្ធ​ ត្រូវផ្តោតការយកចិត្តទុកដាក់ និងពង្រឹងបន្ថែម នៅលើចំណុចមួយចំនួនដូចជា​ ១-ត្រូវធានានូវគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ លើការព្យាបាលថែទាំ អតិថិជន និងអ្នកជំងឺ នៅតាមមូលដ្ឋានសុខាភិបាល នៅគ្រប់លំដាប់ថ្នាក់,​២-ត្រូវធានាលើការផ្តល់សេវាសុខភាពនៅតំបន់ដាច់ស្រយាល ជាពិសេសចំពោះ ស្ត្រីមានផ្ទៃពោះ ទារកនិងកុមារ និងចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់នូវនិន្នាការ នយោបាយពូជសាសន៍ ជនជាតិ និងពណ៌សម្បុរ,​ ៣-ត្រូវពង្រឹង និង ជំរុញបន្ថែមទៀត នូវការអនុវត្តច្បាប់គ្រប់គ្រងឱសថ ការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ… ជាដើម ដើម្បីធានាអំពីសុវត្ថិភាព ផ្នែកបច្ចេកទេសដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់សេវាទាំងនោះ។

ជាមួយគ្នានោះលោកស្រី​ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ បើសិនមានករណីសង្ស័យ​ថា​ មានជំងឺគ្រុនចាញ់​ សូមទៅធ្វើតេស្តឈាមរកមេរោគគ្រុនចាញ់​ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា៕​