ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមក្នុងកម្រិត ៥.៥ភាគរយនៅឆ្នាំ ២០២៤នេះ

យោងតាមការព្យាករណ៍ចុងក្រោយរបស់ធនាគារពិភពលោកដែលចេញផ្សាយក្នុងដើមសប្តាហ៍នេះបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងឈានដល់កម្រិត ៥.៥ភាគរយនៅឆ្នាំ២០២៤ ហើយនឹងបន្តកើនឡើងដល់ ៦ភាគរយនៅឆ្នាំ ២០២៥។

សេដ្ឋវិទូកំពូលរបស់ធនាគារពិភពលោកដែលសិក្សាផ្តោតសំខាន់លើប្រទេសវៀតណាមលោក Andrea Coppola បាននិយាយថា ការនាំចេញរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងមានការស្ទុះងើបឡើងវិញ ហើយការប្រើប្រាស់ និងការវិនិយោគឯកជនក្នុងស្រុកក៏មានការកើនឡើងជាលំដាប់ផងដែរ។

ការនាំចេញជាក់ស្តែងរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងកើនឡើង ៣.៥ភាគរយនៅឆ្នាំ ២០២៤នេះ ដែលនេះបានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងបន្តិចម្តងៗនៃតម្រូវការពិភពលោក។

បន្ថែម​ពី​នេះ ភាពអំណោយផល​ក្នុង​វិស័យ​អចលន​ទ្រព្យ​ត្រូវ​បាន​គេ​រំពឹងថានឹងកើតមានឡើង​នៅ​ចុង​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយដែលជំរុញដល់​តម្រូវ​ការ​ក្នុង​ស្រុក ខណៈ​អ្នក​វិនិយោគ និង​អ្នក​ប្រើ​ប្រាស់​មាន​ទំនុក​ចិត្ត​ឡើង​វិញ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានដកស្រង់សម្តីសេដ្ឋវិទូជាន់ខ្ពស់មួយរូបរបស់ធនាគារពិភពលោកគឺលោក Dorsati Madani ដែលបានបញ្ជាក់ថា ការព្យាករណ៍ខាងលើនេះ គឺផ្អែកលើការសន្មត់ដែលកំណត់ថាការនាំចេញទំនិញឧស្សាហកម្មរបស់ប្រទេសនេះនឹងមានការងើបឡើងវិញយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៤នេះ ដោយសារកំណើននៃការស្ទុះងើបឡើងវិញនឹងមានកម្រិត ៨.៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទីបួនឆ្នាំមុន និង ១៧.២ភាគរយធៀបនឹងកម្រិតប្រចាំឆ្នាំក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ព្រមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវតម្រូវការសកលផងដែរ។

ដោយឡែក កាលពីដើមខែនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករណ៍កំណើនកាលពីលើកមុនរបស់ខ្លួនសម្រាប់ប្រទេសវៀតណាមក្នុងអត្រា ៦ភាគរយសម្រាប់ឆ្នាំ ២០២៤ និង ៦.២ភាគរយសម្រាប់ឆ្នាំ ២០២៥៕