រដ្ឋបាលរាជធានី-ខេត្ត

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សាពាមឧកញ៉ាអុង និងសមិទ្ធផលនានា ជុំវិញបរិវេណសាលា ស្ថិតនៅក្រុងអរិយក្សត្រ

ខេត្តកណ្ដាល៖ អគារសាលាបឋមសិក្សាពាមឧកញ៉ាអុង ទំហំ៣៤ម៉ែត្រ គុណនឹង ៩ម៉ែត្រ កម្ពស់២ជាន់ មាន៦បន្ទប់ ដោយមានបំពាក់គ្រឿងសង្ហារឹម និងសម្ភារៈសិក្សា ស្ថិតនៅភូមិព្រែកតាអុងទី១ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ អគារសាលាបឋមសិក្សា និងសមិទ្ធផលនានា ដែលបានសម្ភោធដាក់អោយប្រើប្រាស់នាពេលនេះ បានបម្រើដល់ផលប្រយោជន៍សាធារណៈដល់សហគមន៍ និងសិស្សានុសិស្ស ពោលគឺជាទីកន្លែង បណ្តុះបណ្តាលធនធាន ផ្តល់នូវពុទ្ធិ ជាពិសេសបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ស្របតាមពាក្យស្លោក របស់ក្រសួងអប់រំ យុវជន និង កីឡាអ្នកចេះគឺជាប់ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ជាការពិតណាស់ វិស័យអប់រំពិតជាសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដូចពាក្យស្លោកមួយឃ្លាពោលថា «ដាំដើមឈើត្រូវការចំណាយពេលដប់ឆ្នាំ ឯអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវការចំណាយពេលមួយរយឆ្នាំ» ដើម្បីទទួលបានឧត្តមប្រយោជន៍សម្រាប់ការអប់រំ នៃគុណភាព និងប្រសិទ្ធភាព ឯកឧត្តមអភិបាលខេត្ត ស្នើដល់អ្នកគ្រប់គ្រងសាលា និងគ្រូបង្រៀន ត្រូវបន្តគោរពឱ្យបានពេញលេញនូវតម្លៃជាមូលដ្ឋាន និងកិច្ចសិក្សាច្បាស់លាស់កំណត់នូវផលសិក្សាខ្ពស់ ជាមួយគ្នានេះ សូមអាណាព្យាបាលគ្រប់រូបនាំកូនចៅមកចុះឈ្មោះចូលរៀន និងបន្តការគាំទ្រ លើកទឹកចិត្តជួយបង្រៀនបន្ថែមដល់កូនចៅ នៅតាមគ្រប់ទិដ្ឋភាពទាំងអស់។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាពាមឧកញ៉ាអុង ត្រូវយកចិត្តទុកដាក់ថែរក្សាអគារសិក្សា  និងសមិទ្ធផលនានាឱ្យបានសមស្របនឹងទទួលបាននូវសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់សិស្សានុសិស្សគ្រប់រូប ដើម្បីទទួលបាន ការអប់រំមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន ៕