ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសវៀតណាមក្នុងអំឡុងចាប់ពីខែមករាដល់ខែមេសា​មានការកើនឡើងខ្ពស់ជាងកម្រិតមុនវិបត្តិជំងឺកូវីដ-១៩

(ហាណូយ)៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិវៀតណាមនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានឲ្យដឹងថា ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសខ្លួនសរុបជិត ៦,២លាននាក់ ក្នុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ ២០២៤នេះ កើនឡើង ៦៨,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និង ៣.៩ភាគរយ ខ្ពស់ជាងកម្រិតសម្រាប់រយៈពេលពេលដូចគ្នាកាលពីមុនការផ្ទុះឡើងនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩កាលពីឆ្នាំ ២០១៩។

បើតាមរបាយការណ៍ខាងលើ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១.៦លាននាក់ក្នុងខែមេសា កើនឡើង ៥៨,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍នៅថ្ងៃចន្ទសប្តាហ៍នេះថា លទ្ធផលនេះត្រូវបានបង្ហាញពីភាពអំណោយផលនៃគោលនយោបាយទិដ្ឋាការ និងប្រសិទ្ធភាពនៃកម្មវិធីជំរុញទេសចរណ៍ដែលរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តកាលពីដើមឆ្នាំនេះ។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា ក្នុងអំឡុងពីខែមករា ដល់ខែមេសា ភ្ញៀវបរទេសដែលមកដល់ប្រទេសវៀតណាមតាមយន្តហោះមានចំនួនជិត ៥,២លាននាក់ដែលស្មើនឹង ៨៣,៧ភាគរយនៃចំនួនសរុប ខណៈដែលភាគច្រើនគឺមកពីតំបន់អាស៊ីដែលមានចំនួនជាង ៤.៧លាននាក់ កើនឡើង ៧៧,២ភាគរយធៀបនឹងឆ្នាំមុន។

សូមជម្រាបថា បើយោងតាមក្រសួងទេសចរណ៍វៀតណាម ប្រទេសនេះបានកំណត់គោលដៅទាក់ទាញទេសចរណ៍បរទេសឲ្យបានចំនួន ១៨លាននាក់សម្រាប់ឆ្នាំ ២០២៤នេះ៕