ព័ត៌មានអន្តរជាតិ

ការ​នាំ​ចេញ​របស់​ថៃ​ជួបការធ្លាក់ចុះ ១០,៩ភាគរយកាលពី​ខែ​មីនា

(បាងកក)៖ យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងពាណិជ្ជកម្មថៃដែលចេញផ្សាយនៅថ្ងៃចន្ទ ទី២៩ មេសាសប្តាហ៍នេះបានបង្ហាញថា ការនាំចេញរបស់ប្រទេសថៃបានជួបការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ០៨ខែចុងក្រោយកាលពីខែមីនាកន្លងទៅដោយសារការធ្លាក់ចុះនៃការនាំចេញផលិតផលឧស្សាហកម្ម និងកសិឧស្សាហកម្ម ព្រមទាំងមូលដ្ឋាននៃការប្រៀបធៀបខ្ពស់កាលពីឆ្នាំមុន។

ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍នេះ បានរងការធ្លាក់ចុះ ១០,៩ភាគរយកាលពីខែមីនាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកត្រឹម ២៤,៩៦ពាន់លានដុល្លារអាមេរិក ហើយនេះជាការដើរថយក្រោយយ៉ាងខ្លាំងបន្ទាប់ពីទទួលបានកំណើន ៣,៦ភាគរយកាលពីខែកុម្ភៈ។

ក្រសួងពាណិជ្ជកម្មថៃបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងគ្រាដែលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងកំណើនយឺត ទោះជាយ៉ាងណាក្តី លទ្ធផលក្នុងខែមីនាមានភាពស្របគ្នាជាមួយនឹងតម្លៃជាមធ្យមនៃការនាំចេញដែលត្រូវបានសង្កេតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។

ការវិភាគទិន្នន័យខាងលើបានបង្ហាញថា ក្នុងខែមីនា ការនាំចេញផលិតផលឧស្សាហកម្មមានការធ្លាក់ចុះ ១២,៣ភាគរយ ហើយការនាំចេញផលិតផលរថយន្តមានការធ្លាក់ចុះ ១២,៤ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលទំនិញកសិឧស្សាហកម្មបានរងការធ្លាក់ចុះ ៩,៩ភាគរយ។

ដោយឡែក ការនាំចេញផលិតផលកសិកម្មមានការកើនឡើង ០,១ភាគរយដោយសារកំណើននៃការនាំចេញអង្ករក្នុងកម្រិត ៣០,៦ភាគរយ និងកៅស៊ូ ៣៦,៩ភាគរយ។

ក្រៅពីនេះ ទិន្នន័យខាងលើបានបង្ហាញផងដែរថា ការនាំចូលរបស់ប្រទេសថៃក្នុងខែមីនាបានកើនឡើង ៥,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺឡើងដល់ ២៦,‌១២ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មទំហំ ១,១៦ពាន់លានដុល្លារ។

សម្រាប់លទ្ធផលសរុបប្រចាំត្រីមាសទីមួយនៃឆ្នាំ ២០២៤នេះ ការនាំចេញរបស់ប្រទេសថៃបានរងការធ្លាក់ចុះ ០,២ភាគរយមកនៅត្រឹម ៧០,៩៩ពាន់លានដុល្លារ ខណៈដែលការនាំចូលមានការកើនឡើង ៣,៨ភាគរយដល់ទំហំ ៧៥,៤៧ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មសរុបទំហំ ៤,៤៧ពាន់លានដុល្លារ។

ជុំវិញបញ្ហានេះ លោក Poonpong Naiyanapakorn អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបាននិយាយថា ទោះជាយ៉ាងណាក្តី ក្នុងពេលខាងមុខ តម្លៃនៃការនាំចេញត្រូវបានគេរំពឹងថានឹងកើនឡើងវិញនៅក្នុងឆ្នាំនេះដោយសារមានតម្រូវការសកលខ្លាំងសម្រាប់ផលិតផលកសិកម្ម និងស្បៀងអាហារដើម្បីរក្សាសន្តិសុខស្បៀង។

ទន្ទឹមនឹងនោះ ការងើបឡើងវិញបន្តិចម្តងៗនៃវិស័យផលិតកម្មក៏នឹងជំរុញការនាំចេញផលិតផលគ្រឿងអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ផងដែរ។

លោក Poonpong គូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខាងលើថា ក្រសួងពាណិជ្ជកម្មថៃនៅតែរក្សាគោលដៅរបស់ខ្លួនសម្រាប់កំណើនការនាំចេញពីចន្លោះ ១ ទៅ ២ភាគរយសម្រាប់ឆ្នាំនេះ៕