ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

Samsung និយាយថា AI នឹងជំរុញតម្រូវការក្នុងវិស័យបច្ចេកវិទ្យានៅពាក់កណ្តាលទីពីរនៃឆ្នាំ២០២៤នេះ

(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បាននិយាយថា ខ្លួនរំពឹងថាតម្រូវការនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងមានការស្ទុះឡើងយ៉ាងរឹងមាំនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ ដែលជំរុញដោយការលក់ផលិតផលបន្ទះឈីបអង្គចងចាំ និងឧបករណ៍បច្ចេកវិទ្យា។

កាលពីត្រីមាសទីមួយកន្លងទៅ ការលក់បន្ទះឈីបអង្គចងចាំរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះមានការកើនឡើងជិតទ្វេដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃបានកើនឡើងយ៉ាងខ្លាំងដោយសារការរីកចំរើនយ៉ាងឆាប់រហ័សនៃ AI បន្ទាប់ពីរងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរកាលពីពេលមុននេះ។

លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Samsung បាននិយាយថា នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ លក្ខខណ្ឌអាជីវកម្មរបស់ខ្លួនត្រូវបានគេរំពឹងថានឹងនៅតែស្ថិតក្នុងកម្រិតភាពវិជ្ជមានជាមួយនឹងតម្រូវការជាចម្បងគឺជុំវិញការវិវត្តនៃបច្ចេកវិទ្យា AI ជំនាន់ថ្មីៗ ដែលនឹងជួយរក្សាភាពរឹងមាំនៃដំណើរការអាជីវកម្ម បើទោះបីជាមានការបន្តប្រែប្រួលទាក់ទងនឹងនិន្នាការម៉ាក្រូសេដ្ឋកិច្ច និងបញ្ហាភូមិសាស្ត្រនយោបាយក៏ដោយ។

សូមជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់កូរ៉េខាងត្បូងខាងលើនេះបានប្រកាសថា ប្រាក់ចំណេញផ្នែកប្រតិបត្តិការរបស់ខ្លួនបានកើនឡើងដល់ ៦,៦ពាន់ពាន់លានវ៉ុន ឫ ៤,៨ពាន់លានដុល្លារក្នុងត្រីមាសទីមួយដែលគិតពីខែមករាដល់ខែមីនា កើនឡើងពី ៦៤០ពាន់លានវ៉ុនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លទ្ធផលខាងលើនេះគឺស្របតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន Samsung ខ្លួនឯងផ្ទាល់ដែលបានប្រកាសកាលពីដើមខែមេសានេះពីការប៉ាន់ស្មានប្រាក់ចំណេញទំហំ ៦,៦ពាន់ពាន់លានវ៉ុនដែលជាប្រាក់ចំណេញផ្នែកប្រតិបត្តិការខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ ២០២២។

ជាមួយគ្នានេះ ក្រុមហ៊ុនខាងលើបាននិយាយថា ប្រាក់ចំណូលក្នុងត្រីមាសទីមួយបានកើនឡើង ១៣ភាគរយដល់ ៧១,៩ពាន់ពាន់លានវ៉ុន ដោយក្នុងនោះប្រាក់ចំណូលពីផលិតផលបន្ទះឈីបមានទំហំ ១៧,៤៩ពាន់ពាន់លានវ៉ុន កើនឡើង ៩៦ភាគរយ។ លទ្ធផលខាងលើនេះបានពង្រឹងដល់ការស្ទុះងើបឡើងវិញបន្ទាប់ពីមានការធ្លាក់ចុះនៃការលក់ផលិតផលបន្ទះឈីបអង្គចងចាំដែលមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីតម្រូវការខ្សោយនៃឧបករណ៍ដែលប្រើបន្ទះឈីបក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩៕