ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានជម្រុញឱ្យមានការរិតបណ្តឹង តាមដានបញ្ជីវត្តមានកម្លាំងក្នុងអង្គភាព

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបំពេញបេសកកម្មបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០១៨ និងឆ្នាំពាក់ព័ន្ធ អស់រយៈពេល៤ថ្ងៃ ពីថ្ងៃទី០៤ ខែមិថុនា ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩មក នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០១៨ និងឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស៊ា ស៊ីម អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង៩ លោកមេបញ្ជាការវរសេនាតូចទាំង៤ និង លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៥។

ថ្លែងក្នុងកិច្ចប្រជុំបិទកិច្ចសវកម្មផ្ទៃក្នុងនេះផងដែរ លោកឧត្តមសេនីយ៍ទោ ស៊ា ស៊ីម អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានជម្រុញឱ្យមានការរិតបណ្តឹងត្រួតពិនិត្យ និងតាមដានបញ្ជីវត្តមានកម្លាំងនគរបាល ដើម្បីរកមន្រ្តីនគរបាលអសកម្មការងារ គេចវេសមិនធ្វើការ និងស្នើសុំថ្នាក់លើចាត់ការវិធានការអនុវត្តដាក់វិន័យឱ្យបានម៉ឺងម៉ាត់ ក្នុងការពង្រឹងគ្រប់គ្រងកម្លាំងឱ្យមានប្រសិទ្ធភាព។ លោកក៏បានលើកឡើងបញ្ជាក់ថា អនុវត្តតាមគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ គឺត្រូវជម្រុញឱ្យមានការពិនិត្យរកមន្រ្តីដែលធ្វើការងារមានស្នាដៃល្អ ដើម្បីលើកទឹកចិត្ត ឱ្យមន្រ្តីនោះ បន្តប្រឹងប្រែងធ្វើការងារកាន់តែល្អប្រសើរថែមទៀត។ ហើយម្យ៉ាងវិញទៀត គោលបំណងរួមនៃចុះបំពេញភារកិច្ចនៃសវនកម្មផ្ទៃក្នុង គឺដើម្បីជួយដល់ថ្នាក់ដឹកនាំក្នុងការបង្កើនប្រសិទ្ធភាព និងលទ្ធផល ការងារឱ្យកាន់តែប្រសើរឡើង នូវដំណើរការគ្រប់គ្រងហានិភ័យនៃការអនុវត្ត ការទទួលខុសត្រូវ តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ជាពិសេសពិនិត្យលើភាពត្រឹមត្រូវ លើកិច្ចប្រតិបត្តិការ ប្រព្រឹត្តទៅសមស្របតាមបទបញ្ញត្តិ បទដ្ឋាននានា និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ដែលអាចជឿជាក់ទុកចិត្តបាន។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ក៏បានលើកឡើង និងថ្លែងអំណរគុណដល់ក្រុមការងារនៃអគ្គនាយកដ្ឋានសវកម្មផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ ដែលបានមកបំពេញភារកិច្ចចុះត្រួតពិនិត្យការអនុវត្តដំណើរការងាររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ទន្ទឹមនោះដែរ ក៏បានទទួលយកនូវការណែនាំ និងផ្តល់អនុសាសន៍ល្អៗ ពីក្រុមការងារពីភាពខ្វះចន្លោះការងារ និងបច្ចេកទេស និងបទដ្ឋានមួយចំនួនដែលមិនទាន់អនុវត្តឱ្យបានល្អ ហើយយកចំណុចខ្វះចន្លោះទាំងនោះទៅអនុវត្តបន្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់នាឆ្នាំក្រោយ។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក៏សំណូមពរស្នើសុំឲ្យមានការិយាល័យបេតិកភ័ណ្ឌ ដែលបច្ចុប្បន្នមានតែផ្នែក ព្រោះខេត្តបន្ទាយមានជ័យ ក៏មានរម្មណីយដ្ឋានធម្មជាតិ និងប្រាង្គប្រាសាទជាច្រើនផងដែរ និងស្នើសុំជ្រើសរើសក្របខ័ណ្ឌបំពេញបន្ថែម ជំនួសកម្លាំងចូលនិវត្តន៍ និងមរណភាព ៕