អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ សុខ វាសនា ជួបសំណេះសំណាល ជាមួយសិស្សប្រលងជាប់-ធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិទ្យាល័យ ស ខេង កន្ទឺ២

ខេត្តបាត់ដំបង៖ នាថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ព,ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីស្នាក់ការ ស ស យ ក ស្រុកបាណន់ ឯកឧត្តម ឧត្តមសេនីយ៍ឯក
សុខ វាសនា​ អគ្គនាយករងអន្តោប្រវេសន៍​ និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត​ និងបច្ចេកវិទ្យា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយលោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ និងសិស្សដែលបានប្រលងជាប់-ធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិទ្យាល័យ ស ខេង កន្ទឺ២ សម័យប្រលង ១៩\០៨\២០១៩ និងដោយមានការចូលរួមពី ក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលសាលាស្រុក និងប្រធាន -អនុប្រធាន សមាជិក-សមាជិការ ស ស យ ក ស្រុក សរុបចំនួន ១៧៣ នាក់ ។

ជាកិច្ចចាប់ផ្តើមលោក ខៀវ ញ៉ាវ នាយកវិទ្យាល័យ ស ខេង កន្ទឺ២ បានឡើងអានរបាយការណ៍សង្ខេប និងលទ្ធផលសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិទ្យាល័យ ស ខេង កន្ទឺ២ ថា៖ សិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ១៩\០៨\២០១៩ មានចំនួនសរុប១០៩នាក់ ក្នុងនោះសិស្សបានប្រលងជាប់មានចំនួន១០២នាក់ និងសិស្សប្រលងធ្លាក់មានចំនួន ០៧នាក់ ស្មើនឹងជាង ៩៤% ។ លោកនាយកវិទ្យាល័យបានបញ្ជាក់ថាសម្រាប់សិស្សដែលបានប្រលងជាប់នៅវិទ្យាល័យ
ស ខេង កន្ទឺ២ គឺទទួលបានការយកចិត្តដាក់ពីក្រសួង-មន្ទីរអប់រំយុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ ជាពិសេសគឺក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកន្ទឺ២ ដែលបានជួយឧបត្ថម្ភជាថវិកាដល់ លោកគ្រូ-អ្នកគ្រូ សម្រាប់ជួយបង្រៀនបំប៉នដល់សិស្សត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ នៅវិទ្យាល័យ ស ខេង កន្ទឺ២ នាពេលកន្លងមក។

ឯកឧត្ដម ឧត្តមសេនីយ៍​ឯក​ សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍​ និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត​ និងបច្ចេកវិទ្យា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្នានឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង បានលើកឡើងថាថ្ងៃនេះឯកឧត្តម រីករាយណាស់ដែលបានមកជួបប្អូនៗដែលជាសិស្សប្រលងជាប់ និងសិស្សប្រលងធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កន្លងមកថ្មីៗនេះ ឯកឧត្តម ពិតជាមានមោទនភាពដែលឆ្នាំនេះ វិទ្យាល័យ ស ខេង កន្ទឺ២ មានសិស្សប្រលងជាប់សញ្ញាបត្រ រហូតដល់ ជាង ៩៤% (សិស្សត្រូវប្រលង ១០៩ នាក់ ជាប់១០២ នាក់ និងធ្លាក់ ០៧នាក់ ។

ឯកឧត្ដមបន្តថា លទ្ធផលល្អប្រសើរទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងនិងមន្ទីរអប់រំយុវជន និងកីឡា មជ្ឈដ្ឋាននានាដែលគាំទ្រ ជាពិសេសនោះគឺលោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនសិស្សនុសិស្សបានយ៉ាងល្អទើបវិទ្យាល័យ ស ខេង កន្ទឺ២ មានកិត្តិយសទទួលបានការរីកចម្រើននៃវិស័យអប់រំដូចសព្វថ្ងៃ ។ ឯកឧត្តម បានផ្តាំផ្ញើដល់ប្អូនៗសិស្សដែលប្រលងជាប់-ធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមប្អូនៗ បន្តខិតខំរៀនសូត្របន្ថែមទៀត ដោយហេតុថាស្រុកបាណន់យើង បានទទួលអាហាររូបករណ៍ ជាច្រើនកន្លែងពី សម្តេចក្រឡាហោម ស ខេង តាមរយៈ ឯកឧត្តម សន្តិបណ្ឌិត
សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ ឯកឧត្តម ក៏សំណូមពរអោយប្អូនៗជៀសវាងអោយឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានជូនថវិកាលើកទឹកចិត្តដល់សិស្សដែលបានប្រលងជាប់-ធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ និង ស ស យ ក ស្រុក ទាំងអស់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន
១០០,០០០ ៛ ។ នាឱកាសនោះដែរ​ ឯកឧត្តមបានចុះពិនិត្យការសាងសង់អគារសិក្សានៅវិទ្យាល័យកន្ទឺ២​ ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស​ ខេង ។សួន ស៊ីរ៉ា