អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ពិធីសំណេះសំណាល អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ជាមួយមន្ត្រីនគរបាលនារី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ជាមួយមន្ត្រីនគរបាលនារី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករងអន្តោប្រវេសន៍, ប្រធានន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីនគរបាលនារី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផងដែរ។ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ បានណែនាំទៅមន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបន្តប្រពៃណីធ្វើការងារ ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពគ្នា មានការទទួលខុសត្រូវ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីសម្រេចឲ្យបាននូវគោលដៅរួម របស់អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។ ឯកឧត្ដមបានក្រើនរំលឹក ដល់មន្រ្តីនគរបាលបុរសទាំងអស់ ត្រូវលុបបំបាត់ឲ្យបានជាដាច់ខាត នូវការរើសអើងសមភាពយេនឌ័រ នៅក្នុងសង្គម ពីព្រោះថានារីគឺជាកម្លាំងដ៏មុតស្រួច និងជាធនធានមនុស្សដ៏មានតម្លៃ ដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍប្រទេសជាតិ ខណៈដែលប្រទេសកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់លើកស្ទួយតួនាទីរបស់នារី ក្នុងជួរដឹកនាំតាមស្ថាប័ននីមួយៗ។

ជាមួយគ្នានេះ ឯកឧត្ដម ក៏បានជម្រុញឲ្យមន្រ្តីនគរបាលអន្តោប្រវេសន៍នារីទាំងអស់ ត្រូវបង្កើនសមត្ថភាព និងចំណេះរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើសេវាសាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។