អគ្គារធិការដ្ឋាន

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២០

រាជធានីភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន។

បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររួចមក ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំបំពេញការងារជូនអង្គភាព ដោយបានលះបង់កម្លាំងកាយចិត្ត ជំនៈបញ្ហាប្រឈមនានា និងសម្រេចបានលទ្ធផលជាទីគាប់ប្រសើរ ដែលទទួលស្គាល់ពីថ្នាក់ដឹកនាំក្រសួងកន្លងមក ដូចបានរំលេចក្នុងរបាយការណ៍ពេលនេះ ។ ឯកឧត្តមបានបន្តថា តាមពិតកិច្ចប្រជុំនេះ ត្រូវបានគ្រោងរៀបចំយូរមកហើយ តែដោយសារបញ្ហាជំងឺកូវីដ ទើបពន្យារពេលមកដល់ពេលនេះ ។

ឯកឧត្តមបានគូសបញ្ជាក់ថា លទ្ធផលការងារពេលនេះពិតណាស់កើតចេញពីការគោរពតួនាទីតាមឋានានុក្រម ការសហការគ្នា ធ្វើការជាក្រុម សាមគ្គីភាពផ្ទៃក្នុង សមត្ថភាព គោរពវិន័យ របៀបរបបការងារ មនសិការការងារ ជាពិសេសគណនេយ្យភាពចំពោះតួនាទីភារកិច្ចរបស់ខ្លួន និងភារកិច្ចដែលប្រគល់ជូន ។ ទន្ទឹមនេះ ឯកឧត្តម បានក្រើនរំលឹកផងដែរថា ធ្វើជាមន្ត្រីអធិការកិច្ច ចាំបាច់ត្រូវប្រកាន់នូវមនសិការ វិជ្ជាជីវៈ តម្លាភាព មិនលំអៀង ជាពិសេសរក្សាបាននូវសីលធម៌ សុជីវធម៌ខ្ពស់ និងភាពទន់ភ្លន់តែម៉ឺងម៉ាត់ក្នុងពេលចុះបំពេញបេសកកម្ម  ដោយចៀសវាងឆ្លៀតឱកាសដើម្បីទាញយក ឬបម្រើប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួកជាដាច់ខាត។

ឯកឧត្តមបានមានមតិផ្តាំផ្ញើ និងណែនាំបន្ថែមមួយចំនួនលើការបំពេញកិច្ចការប្រចាំថ្ងៃ ការចុះបំពេញបេសកកម្ម ការរៀបចំរបាយការណ៍លទ្ធផលក្រោយបញ្ចប់បេសកកម្ម និងបញ្ហាវត្តមានរបស់មន្ត្រី។

ជាថ្មីម្តងទៀត ឯកឧត្តមបានថ្លែងការអរគុណ និងសង្ឃឹមយ៉ាងមោះមុតថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នឹងបន្តខិតខំបំពេញការងារដើម្បីសម្រេចលទ្ធផលកាន់តែល្អប្រសើរទៀត ផ្អែកតាមទិសដៅការងារឆ្នាំ២០២០ដែលនឹងដាក់ចេញពេលនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៃអង្គប្រជុំ បានលើកឡើង ចែករំលែកនូវបទពិសោធន៍ ចំនុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈម និងសំណូមពរនានា កន្លងមក ដើម្បីរួមគ្នាដំណោះស្រាយ ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារឆ្នាំ២០២០នេះផងដែរ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជារូបទៀត ៕