ទេសចរណ៍

នាឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនៅបន្ទាយមានជ័យមានភ្ញៀវជាង៤មឺននាក់ទៅកំសាន្តនៅរមណីយដ្ឋាននានាក្នុងខេត្ត

ខេត្តបន្ទាយមានជ័យ ៖ មានភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននានា នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ សរុបមានចំនួន ៤២.៥០៨ នាក់ ភ្ញៀវទេសចរណ៍ជាតិ ចំនួន ៤២.៥០៨ នាក់ ឯភ្ញៀវទេសចរណ៍អន្តរជាតិគ្មាន ។

លោក​ ឈឿង សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី១៩ ខែកញ្ញាថា ៖ ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តតាមរមណីយដ្ឋាននៅខេត្តបន្ទាយមានជ័យ ក្នុងនោះ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ១.៧៧៨ នាក់ / ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ២៣.៦៣៥ នាក់ / និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ១៧.០៩៥ នាក់ ។

លោក​ ឈឿង សេរីវុធ បានបន្តថា ៖ ចំពោះបញ្ហា សភាពការណ៍សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយល្អប្រសើរ តែនៅថ្ងៃទី១៨និង១៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងខេត្តបន្ទាយមានជ័យ មានភ្លៀងរលឹមនិងភ្លៀងធ្លាក់រាយប៉ាយពាស់ពេញទូទាំងខេត្ត បណ្តាលអោយភ្ញៀវទេសចរមានការលំបាកក្នុងការធ្វើដំណើរ និងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបន្តថា ៖ ជាមួយគ្នានោះដែរក្រុមការងាររបស់មន្ទីរក៏បានធ្វើការផ្សព្វផ្សាយពីវិធានការសុវត្ថិភាពទេសចរណ៍ នៅតាមសេវាស្នាក់នៅ សេវាម្ហូបអាហារ និងរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត ដើម្បីចូលរួមទប់ស្កាត់នូវជម្ងឺឆ្លងផ្សេងៗ ពិសេសគឺជម្ងឺកូវីដ១៩​​ ទន្ទឹមនោះដែរក្រុមការងារមន្ទីរបានសហការជាមួយអង្គភាពនគរបាលការពារបេតិកភ័ណ្ឌប្រាសាទបន្ទាយឆ្មារត្រួតពិនិត្យកំដៅ លាងដៃនិងអាកុលភ្ញៀវ និងបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារភូមិ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ភ្ញៀវ នៅតាមរមណីយដ្ឋានផ្សេងៗទៀត​ និងការផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ គ្រប់គ្រាន់ និងមានតម្លៃសមរម្យ៕