រដ្ឋបាលរាជធានី-ខេត្ត

គម្រោងកែលម្អ​ បរិស្ថាន​ ជុំវិញទន្លេសាប​ ជំហាន២ ក្នុងក្រុងសិរីសោភ័ណ​ សម្រេចបានប្រមាណ៥០%ហេីយ​ ក្នុងទំហំទឹកប្រាក់២២លានដុល្លារ​

បន្ទាយមានជ័យ​ ៖​ គម្រោងកែលម្អ​ បរិស្ថាន​ ជុំវិញទន្លេសាប​ ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ​ អនុវត្តសម្រេចបានប្រមាណ៥០%ហេីយ​ ដែលជាកម្ចីហិរញ្ញប្បទាន​ ADB​ ក្នុងទំហំទឹកប្រាក់២២លានដុល្លារអាមេរិក​ ដេីម្បីកែលម្អក្រុងមួយនេះឱ្យទៅជាទីក្រុងមួយស្រស់ស្អាត​ ប្រដោយផាសុខភាព។

ជាក់ស្តែងនៅថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជើញចុះពិនិត្យមើលក្រុមការងារអនុវត្ត​ “​ គម្រោងកែលម្អ​ បរិស្ថាន​ ជុំវិញទន្លេសាបជំហាន២​”​ ក្នុងក្រុងសិរីសោភ័ណ​ដែលកំពុងអនុវត្ត​ និងបានធ្វេីការជួសជុលផ្លូវឡើងវិញ​ជាបណ្តេីរៗ​ នូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយសារគម្រោង​ នៅក្នុងនៅភូមិតារាងបាល់​ (ផ្លូវ​ យ៊ាំង​ ម៉េងតុល​)​សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​។

បេីតាមការបញ្ជាក់ពីមន្ត្រីជំនាញ​ រដ្ឋបាលក្រុងសិរីសោភ័ណបាន​ ឱ្យដឹងថា​ ការអនុវត្តគម្រោងកែលម្អ​ បរិស្ថាន​ ជុំវិញទន្លេសាប​ ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ​ មានអនុគម្រោង២​ ៖​ អនុគម្រោងទី១​ កែលម្អប្រព័ន្ធលូទឹកកង្វក់(ប្រភេទលូ​ អ៊ុយ)​ និងអាងចម្រុះ​ និងអនុទី២​ កែលម្អទីលានចាក់សំរាម​ (អនុវត្តជំហានបន្ទា​ប់​ ឆ្នាំ​២០២៤)​។

មន្ត្រី​ដ៏ដែលបន្តថា​ អនុគម្រោងទី១​ ត្រូវបានអនុវត្ត​ ភ្ជាប់ប្រព័ន្ធលូតាមផ្ទះ​ ក្នុងផែនការគម្រោងទូទាំងក្រុង​ មាន៤សង្កាត់​រួមមាន​ សង្កាត់​កំពង់ស្វាយ​ សង្កាត់ព្រះពន្លា​ សង្កាត់​អូរអំបិល​ និងសង្កាត់ទឹកថ្លា​ ដែលបានប្រវែង​ចំនួន១១២គីឡូម៉ែត្រ​។​ បច្ចុប្បន្ននេះអនុវត្តសម្រេចបានចំនួន៥០​%​ហេីយ​ គ្រោងបញ្ចប់ក្នុងកំឡុងខែកញ្ញា​ ឆ្នាំ២០២៤នាពេលខាងមុខ។ ដោយឡែកចំពោះគម្រោងដែលបានអនុវត្តរួច​ អ្វីដែលធ្វេីប៉ះពាល់​ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ ក្រុមការងារនិងធ្វេីការជួសជុលឡេីងវិញទាំងអស់។ ចំពោះអត្ថប្រយោជន៍​ ដែលពលរដ្ឋទទួលបាន​ ១-ការតភ្ជាប់ជូនឥតគិតថ្លៃ,​ ២-​ ពលរដ្ឋលែងព្រួយបារម្ភស្ទះបង្គន់​ ស្ទះប្រព័ន្ធលូទឹក​,​ ៣-បរិស្ថាននៅជុំវិញផ្ទះ​ស្អាត​ គ្មានក្លិនស្អុយ,​ ៤-ទឹកកង្វក់ត្រូវបានចម្រុះ​ មុនបញ្ចូលទៅក្នុងស្ទឹង​ ដែលមិនប៉ះពាល់មច្ឆាជាតិឡេីយ៕​