សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរដ្ឋលេខាធិការ

ឯកឧត្តម រស់ វរុណ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីការពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការពិធីការ និងកិច្ចការរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣របស់អនុគណៈកម្មការពិធីការ ដើម្បីពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ ព្រមទាំងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន និងសមាជិក នៃអនុគណៈកម្មការពិធីការ។

ឯកឧត្តម ប្រធានអនុគណៈកម្មការ មានប្រសាសន៍ស្នើឱ្យក្រុមការងារនៃអនុគណៈកម្មការបន្តរួមសហការជាមួយក្រុមការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំកិច្ចការងារឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធានាការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅដោយរលូន។

គួរជម្រាបថា អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៨ និង២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕