ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ក្រុមហ៊ុន ByteDance អាចនឹងសម្រេចចិត្តបិទ TikTok នៅសហរដ្ឋអាមេរិក

យោងតាមប្រភពមួយចំនួនបានឲ្យដឹងថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok អាចនឹងសម្រេចចិត្តបិទកម្មវិធីបណ្តាញសង្គមវីដេអូដ៏មានប្រជាប្រិយភាពមួយនេះក្នុងទឹកដីអាមេរិកជាជាងលក់វា ក្នុងករណីដែលអស់ជម្រើសក្នុងការតវ៉ាផ្លូវច្បាប់រារាំងច្បាប់ដែលហាមឃាត់កម្មវិធីនេះមិនឲ្យពីដំណើរការក្នុងសហរដ្ឋអាមេរិក។

ប្រភពដែលជិតស្និទ្ធជាមួយក្រុមហ៊ុនមេរបស់កម្មវិធីនេះបានលើកឡើងថា ក្បួនដោះស្រាយ (algorithms) នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់កម្មវិធី TikTok ត្រូវបានចាត់ទុកថាជាស្នូលនៃប្រតិបត្តិការទូទៅរបស់ ByteDance ដូចនេះការលក់កម្មវិធីនេះជាមួយក្បួនទាំងនោះទំនងជាមិនអាចកើតឡើងនោះទេ។

ប្រភពដដែលបានបន្តថា TikTok គឺជាចំណែកតែតូចមួយនៃប្រាក់ចំណូលសរុប និងចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃសរុបរបស់ក្រុមហ៊ុន ByteDance ដូច្នេះក្រុមហ៊ុន កម្មវិធីនេះអាចនឹងសម្រេចចិត្តបិទកម្មវិធីនេះនៅសហរដ្ឋអាមេរិកក្នុងស្ថានភាពដ៏អាក្រក់បំផុតជាជាងលក់វាទៅឱ្យសហរដ្ឋអាមេរិក។

ប្រភពដែលលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណខាងលើបានបន្ថែមថា ការបិទកម្មវិធីនេះក្នុងទឹកដីអាមេរិក ទំនងជាមិនមានផលប៉ះពាល់ខ្លាំងលើអាជីវកម្មរបស់ក្រុមហ៊ុន ByteDance នោះទេ ហើយក្រុមហ៊ុននេះក៏នឹងមិនបោះបង់ចោលក្បួនដំណើរការស្នូលរបស់ខ្លួននោះដែរ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុន ByteDance បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយលើវេទិកាប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដែលមានឈ្មោះថា Toutiao ថា ខ្លួនមិនមានគម្រោងក្នុងការលក់ TikTok នោះទេ ដោយការលើកឡើងខាងលើនេះ គឺជាការឆ្លើយតបទៅនឹងដំណឹងដែលផ្សព្វផ្សាយថា ក្រុមហ៊ុន ByteDance កំពុងស្វែងរកសេណារីយ៉ូក្នុងការលក់ TikTok ទៅឲ្យហរដ្ឋអាមេរិកដោយមិនបញ្ចូលក្បួនដោះស្រាយក្នុងប្រតិបត្តិការរបស់កម្មវិធីនេះ។

កាលពីថ្ងៃពុធ នាយកប្រតិបត្តិរបស់ TikTok លោក Shou Zi Chew បាននិយាយថា ក្រុមហ៊ុនរបស់លោករំពឹងថានឹងឈ្នះការតវ៉ាផ្លូវច្បាប់រារាំងច្បាប់ថ្មីដែលមានគោលដៅបង្ខំឲ្យក្រុមហ៊ុនលោកលក់ ឫបិទដំណើរការនៅក្នុងទឹកដីអាមេរិក។

ច្បាប់ថ្មីខាងលើនេះត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកក្នុងសំឡេងគាំទ្រយ៉ាងច្រើនលើសលប់កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយសារមានការព្រួយបារម្ភក្នុងចំណោមសមាជិកសភាអាមេរិកដែលថារដ្ឋាភិបាលចិនអាចចូលប្រើប្រាស់ទិន្នន័យរបស់ជនជាតិអាមេរិក ឬប្រើប្រាស់កម្មវិធីនេះសម្រាប់ការឃ្លាំមើលលើប្រជាជនអាមេរិក។

ច្បាប់ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិតីអាមេរិកលោក Joe Biden ខាងលើនបានកំណត់ថ្ងៃផុតកំណត់ឲ្យក្រុមហ៊ុន ByteDance សម្រេចក្នុងការលក់ TikTok ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ មួយថ្ងៃមុនអាណត្តិរបស់លោកត្រូវផុតកំណត់។ ប៉ុន្តែលោកអាចពន្យាពេលរហូតដល់ទៅ ០៣ខែបន្ថែមទៀត ប្រសិនបើលោកយល់ឃើញថា ក្រុមហ៊ុន ByteDance កំពុងស្ថិតក្នុងដំណើរការលើលក្ខខណ្ឌនេះ។

ប្រភពដាច់ដោយឡែកមួយទៀតបានឲ្យដឹងថា ក្រុមហ៊ុននេះនឹងនៅតែបន្តរកប្រាក់ចំណូលភាគច្រើននៅក្នុងប្រទេសចិនដែលជាទឹកដីកំណើត ដែលបានមកពីកម្មវិធីផ្សេងទៀតដូចជា Douyin ដែលជាកម្មវិធីមានលំនាំដូចកម្មវិធី TikTok ជាដើម។

បើតាមប្រភពដែលជិតស្និតនឹងក្រុមហ៊ុននេះ ទីផ្សារសហរដ្ឋអាមេរិកមានចំណែកប្រហែល ២៥ភាគរយនៃប្រាក់ចំណូលសរុបរបស់ TikTok កាលពីឆ្នាំមុន ហើយអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ TikTok នៅសហរដ្ឋអាមេរិកស្មើនឹងប្រហែល ៥ភាគរយនៃចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ក្រុមហ៊ុន ByteDance នៅទូទាំងពិភពលោក។ ក្នុងឆ្នាំ ២០២២ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានកើនឡើងដល់ជិត ១២០ពាន់លានដុល្លារអាមេរិកពី ៨០ពាន់លានដុល្លារកាលពីឆ្នាំមុននេះ៕