ព័ត៌មានអន្តរជាតិ

ស្រីលង្កាបង្ហាញក្តីសង្ឃឹមក្នុងការចូលរួមជាមួយក្រុមប្រទេស BRICS+

(កូឡុំបូ)៖ ក្នុងឱកាសថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅប្រទេសរុស្ស៊ីលោក Janitha Abeywickrema Liyanage បានលើកឡើងថា ប្រទេសស្រីលង្កាសង្ឃឹមថានឹងអាចចូលរួមជាមួយក្រុមប្រទេស BRICS+ នាពេលអនាគតដ៏ខ្លីនេះ។
ការកត់សម្គាល់របស់លោកខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចូលរួមរបស់ប្រទេសស្រីលង្កានៅក្នុងកិច្ចប្រជុំអន្តរជាតិមួយនៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះក្នុងនាមជាតំណាងជាន់ខ្ពស់ដែលទទួលខុសត្រូវចំពោះបញ្ហាសន្តិសុខ។

ក្នុងការលើកឡើងខាងលើ លោក Liyanage បានឲ្យដឹងថា ប្រទេសស្រីលង្កាអាចទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការដឹកជញ្ជូន និងសន្តិសុខស្បៀងពីការចូលរួមជាមួយក្រុមប្រទេស BRICS+

សូមជម្រាបថា BRICS គឺជាអក្សរកាត់នៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនដែលដំបូងឡើយរួមមានប្រទេសប្រេស៊ីល (B) រុស្ស៊ី (R) ឥណ្ឌា (I) ចិន (C) និងអាហ្វ្រិកខាងត្បូង (S)

ក្រោយមក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ BRICS បានពង្រីកខ្លួនទៅជា BRICS+ ដោយមានសមាជិកបន្ថែមដូចជា អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ និងអេត្យូពីដោយបង្កើនសមាជិកទ្វេដងពី ៥ ទៅ ១០។

គួរឲ្យដឹងថា ពាក្យ BRIC នេះពីដំបូងឡើងត្រូវបានបង្កើតដោយសេដ្ឋវិទូឈ្មោះ Jim O’Neill ហើយក្រោយមកត្រូវបានបន្តគ្រប់គ្រងដោយក្រុមហ៊ុនរបស់លោកគឺ Goldman Sachs ក្នុងឆ្នាំ ២០០១។ កាលណោះ លោក O’Neill បានកំណត់ពាក្យនេះដោយអក្សរដំបូងនៃប្រទេសទាំងបួនដែលមានដូចជា ប្រេស៊ីល (B) រុស្ស៊ី (R) ឥណ្ឌា (I) ចិន (C) ដែលលោកហៅថាជាមហាអំណាចសេដ្ឋកិច្ចកំពុងលេចត្រដែតឡើងដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចជឿនលឿនថ្មី៕