អនុរដ្ឋលេខាធិការ

ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋប្រកបរបរដាំដើមស្វាយ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជាបាននាំចេញស្វាយជិត៦ម៉ឺនតោន កាលពីឆ្នាំ២០១៩។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេនក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្លែស្វាយ យើងនាំបានក្នុងឆ្នាំ២០១៩ គឺជាង៥ម៉ឺន៨ពាន់តោន (៥៨,១៦២.១៦តោន) ដែលនាំទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបូរី បារាំង រុស្ស៉ី និងចិន»។

បើតាមន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជាយើងមានទីផ្សារប្រទេសចិន អឺរ៉ុប អាស៊ាន និងមានទីផ្សារមួយចំនួនទៀត មានថៃ វៀតណាម ម៉ាឡេស៉ី ជប៉ុន បារាំងជាដើម។

លោកថ្លែងថា កម្ពុជាយើងក៏មានទីផ្សារសំខាន់ដូចជា អង់គ្លេស ណូវែលហ្សេឡង់ ឆែក ប៊ែលហ្សិក​ អូស្ត្រាលី ស្វីស កាណាដា កាហ្សាក់ស្តង់ និងរុស្ស៉ីផងដែរ។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងផងដែរថា សម្រាប់ផ្លែស្វាយ ការនាំចេញខ្លះធ្វើដោយផ្ទាល់ ហើយការនាំចេញខ្លះធ្វើដោយប្រទេសជិតខាង។ ការនាំចេញស្វាយនេះទៀតសោត បើពេលខ្លះយើងមិនអាចនាំចេញស្រស់បាន តែយើងធ្វើជាដំណាប់ស្វាយ ដើម្បីនាំចេញវិញ។

លោកបន្ថែមថា នៅថ្ងៃអនាគតប្រទេសកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធ នឹងប្រឹងប្រែងធ្វើការចរចាបើកទីផ្សារថ្មីៗ និងពិពិធកម្មទីផ្សារបន្ថែមទៀត៕

ប្រភព៖ Fresh News