អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេស នៅស្នងការរដ្ឋាននគរបាល ខេត្តព្រៃវែង

ខេត្តព្រៃវែង៖​ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ Foreigner Presence in Cambodia System (FPCS) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេស នៅស្នងការរដ្ឋាននគរបាល ខេត្តព្រៃវែង។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង, លោកស្នងការរង ទទួលការងារអន្តោប្រវេសន៍, ស្នងការរង ទទួលផែនសន្តិសុខ និងលោកអនុប្រធាននាយកដ្ឋាន, អធិការ-អធិការរង, នាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រី សរុបចំនួន ១៧៦នាក់ ស្រី ០១នាក់ មាន ១១៦ប៉ុស្តិ៍រដ្ឋបាលនគរបាល ទាំង ១៣ស្រុក-ក្រុង ទូទាំងខេត្តព្រៃវែង។ នៅក្នុងកិច្ចប្រជុំនោះដែរ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក៏បានពាំនាំមតិផ្តាំផ្ញើ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ដល់លោកស្នងការ ស្នងការរង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ទូទាំងខេត្តព្រៃវែង ត្រូវតែយកចិត្តទុកដាក់ អំពីការគ្រប់គ្រងវត្តមានជនបរទេស និងការគ្រប់គ្រងវត្តមានជនបរទេស ដោយការប្រើប្រាស់ប្រព័ន្ធ FPCS នេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីក្តាប់ឲ្យបានច្បាស់លាស់ អំពីចំនួនវត្តមានជនបរទេស និងទីកន្លែងស្នាក់នៅ របស់ជនបរទេសគ្រប់រូប ឯកឧត្តមបានស្នើឲ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវតែយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងវត្តមានជនបរទេស និងការគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ FPCS នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ក៏បានណែនាំដល់លោកស្នងការង លោកអធិការ -អធិការរង ជាពិសេសលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ទាំង ១១៦ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវយកចិត្តទុកដាក់យល់ច្បាស់ អំពីរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ដើម្បីជាគ្រូបង្គោល និងធ្វើការណែនាំបង្រៀនបន្ត ដល់បណ្តាម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានជនបរទេសស្នាក់នៅ។

បន្ទាប់មកទៀត ក្រុមការងារបច្ចេកទេសត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធ FPCS បានធ្វើបទបង្ហាញបន្ថែមទៀត អំពីរបៀបបង្កើតគណនី និងរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ផងដែរ។

គួរជម្រាបថា គោលបំណងនៃការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស តាមរយៈប្រព័ន្ធអេឡិចត្រូនិកនេះ គឺដើម្បីងាយស្រួលដល់ការគ្រប់គ្រងវត្តមានជនបរទេស ដែលចូលមកស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កន្លងមកនេះមានខេត្តមួយចំនួន គ្រប់គ្រងជនបរទេសមិនបានល្អ ហើយជនបរទេសទាំងនោះ បានបង្កបទល្មើសផ្សេងៗ និងបានលាក់ខ្លួននៅក្នុងផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ជាដើម។ ដោយស្ថិតក្នុងស្ថានភាពបែបនេះ នៅពេលអាជ្ញាធរបរទេស ស្នើសុំរកមុខសញ្ញា ដែលចូលមកប្រទេសយើង គឺវាមានការពិបាក ក្នុងស្រាវជ្រាវរកមុខសញ្ញាទាំងនោះ។

ការប្រើប្រព័ន្ធអេឡិចត្រូនិក FPCS (Foreigner Presence in Cambodia System ) អត្តសញ្ញាណជនបរទេសទាំងអស់ និងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់សមត្ថកិច្ច ហើយក៏ងាយស្រួល ក្នុងការគ្រប់គ្រងជនបរទេស ជាពិសេសគឺការបង្ក្រាបបទល្មើស និងក្រុមឧក្រិដ្ឋជនឆ្លងដែន បានទាន់ពេលផងដែរ៕