ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ហេង ពិទូ បានដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងស្រុក ចុះអប់រំផ្សព្វផ្សាយនូវវិធានការណ៍ការពារការឆ្លងពីជំងឺកូវីដ១៩ តាមផ្សារ និងទីប្រជុំជន នៅភូមិចាស់ ឃុំតាំងក្រសាំង និងផ្សាររមាស ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងរីករាលដាលក្នុងសាកលលោក ក៏ដូចនៅក្នុងប្រទេសកម្ពុជាយើងកំពុងជួបប្រទះបញ្ហានៃជំងឺកូវីដ-១៩នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះអប់រំផ្សព្វផ្សាយនូវវិធានការណ៍ ការពារការឆ្លងពីជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់ច្បាស់បន្ថែមទៀត។

យុទ្ធនាការនេះធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ហេង ពិទូ ប្រធាន ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក សាំង សុឃឿន អភិបាលស្រុកស្ដីទី ព្រមទាំង អាជ្ញាធរឃុំ កងកម្លាំងមានសមត្ថកិច្ច និងស.ស.យ.ក.ក្នុងស្រុកទឹកផុសផងដែរ។

ក្នុងយុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពន្យល់ណែនាំបន្ថែម អំពីព័ត៌មាន នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាយើង រួមជាមួយវិធានការ នៃការ ការ​ពារជំងឺឆ្លងថ្មីនេះជូនដល់ប្រជាពលរដ្ឋ ក្នុងនោះ ចំណុចដែលគួរអនុវត្តមានដូចជា ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់​កុល​លាង​ដៃ , ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រម៉ា ក្រដាស ឬ​ដោយកែងដៃ , ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ , ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ , ត្រូវចម្អិន​សាច់​ ឬ​ស៊ុ​ត​ឲ្យបានឆ្អិនល្អ និងចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ​ដោយ​គ្មានពាក់សម្ភារការពារខ្លួនជាដើម។

ក្រុមការងារក៏បានជម្រុញការផ្សព្វផ្សាយនេះឱ្យបានទូលំទូលាយ ទៅដល់ អាជីវករ ដែលកំពុង លក់ដូរ ប្រជាពលរដ្ឋដែលកំពុងប្រកបការងារផ្សេងៗ និងអ្នកធ្វើដំណើរជាប្រចាំ ឱ្យបានយល់ និងអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលផ្តោតសំខាន់បំផុតទៅលើការធ្វើអនាម័យ និងរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ថ្មីនេះ ដោយមានចាក់ជាឃោសនសព្ទ និងចែកម៉ាស់ ខិតប័ណ្ណ បិទសារអប់រំ នៅតាមហាងលក់ដូរ កន្លែងធ្វើដំណើរ និងនៅតាមទីសាធារណៈ ជាចាំបាច់។

ក្នុងការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនេះដែរ លោក ហេង ពិទូ បានប្រាប់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សារទាំងអស់មេត្តាបន្ត និងបង្កើនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះវិធានការការពារ កុំមានការធ្វេសប្រហែសឲ្យសោះ បើទោះជាបច្ចុប្បន្នប្រទេសកម្ពុជា មិនទាន់រកឃើញអ្នកដែលឆ្លងថ្មី និងអ្នកដែលបានជាសះស្បើយវិញ ជាច្រើននាក់ក៏ដោយ ក៏មិនត្រូវភ្លេចខ្លួននោះដែរ ខណៈដែលពិភពលោកមិនទាន់រកវ៉ាក់សាំង ឬក៏ថ្នាំព្យាបាលឃើញនៅឡើយនោះ៕