អគ្គលេខាធិការដ្ឋាន

អនុគណៈកម្មការសោភ័ណភាព អនាម័យ បរិស្ថាន ទឹក និងភ្លើង នៃកម្មវិធី”សម្រាកសៀមរាប” បើកកិច្ចប្រជុំត្រួតពិនិត្យការងារនិងដាក់ផែនការបន្ត

សៀមរាប ថ្ងៃចន្ទ ០៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទីរសៀល នៅបន្ទប់ប្រជុំលេខ ០១ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំអនុគណៈកម្មការសោភ័ណភាព អនាម័យ បរិស្ថាន ទឹក និងភ្លើង ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ជាប្រធានអនុគណៈកម្មការ និងជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពីអនុប្រធានគណៈកម្មការ រួមមានលោក លោកស្រី ជាសមាជិក មកពីមន្ទីរ អង្គភាព និងទីចាត់ការចំណុះរដ្ឋបាលខេត្តសៀមរាបព្រមទាំងក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងសៀមរាបទាំង ០៣ក្រុមហ៊ុន សរុបចំនួន ៣៥ រូប។

កិច្ចប្រជុំនេះ ដើម្បីរៀបចំផែនការងារតាមគោលដៅ និងការបែងចែកការងារទទួលខុសត្រូវរបស់អនុគណៈកម្មការសោភ័ណភាពអនាម័យ បរិស្ថាន ទឹក និងភ្លើង ដើម្បីត្រៀមរៀបកម្មវិធី «សម្រាកសៀមរាប» ចាប់ពីថ្ងៃទី១៧២១ ខែសីហា ឆ្នាំ២០២០ នាពេលខាងមុខ។

កិច្ចប្រជុំនេះដែរ លោក ង៉ាន់ ភិរុណ ប្រធានអនុគណៈកម្មការ បានរៀបចំ និងដាក់ផែនការដល់ក្រុមការងារ ដូចខាងក្រោម .រៀបចំដាក់បង្គន់ចល័តចំនួន ២០ បង្គន់ នូវទីតាំងចំនួន ០៤កន្លែង ដោយឲ្យគ្រឹះស្ថានអង្គរ សហការជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប និងស....ខេត្ត។ .រៀបចំ និងពិនិត្យមើលភ្លើងបំភ្លឺតាមដងផ្លូវតាមគោលដៅពីចាប់ពីសណ្ឋាគារអឺរ៉ាមកដល់រង្វង់មូលព្រលានយន្តហោះ និងពីគល់ស្ពានទេសចរណ៍ចាស់មកដល់ស្ពានវត្តដំណាក់ ដោយទីចាត់ការហិរញ្ញវត្ថុខេត្ត ត្រូវសហការជាមួយអាជ្ញាធរអគ្គិសនីខេត្ត និងស....ខេត្ត។ .ត្រូវពិនិត្យមើលមែកឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ដោយរដ្ឋបាលក្រុងសៀមរាប សហការជាមួយមន្ទីរបរិស្ថានខេត្ត។ .ត្រូវប្រមូលសំរាមទៅតាមគោលដៅសំខាន់ៗ ខាងលិចស្ទឹងដោយក្រុមហ៊ុន ហ្គា អុី យ៉ា (GAEA) ខាងកើតស្ទឹងដោយក្រុមហ៊ុន ស៊ីន ទ្រី (Sintri) និងនៅសួនច្បារក្រុមហ៊ុន អែកធីវហ្គ្រីន ជាអ្នកប្រមូលសំរាម ដោយរដ្ឋបាលក្រុងសៀមរាប សហការជាមួយមន្ទីរបរិស្ថានខេត្ត ដើម្បីតាមដានការប្រមូលរបស់ក្រុមហ៊ុន។ លើសពីនេះទៀត លោក ប្រធានក្រុមការងារអនុគណៈកម្មការ ស្នើឲ្យសមាជិក សមាជិកា ក្រុមការងារទាំងអស់ត្រូវសហការពិនិត្យមើលការងារ និងចុះពិនិត្យមើលគោលដៅផងដែរ៕