ព័ត៌មានក្នុងប្រទេស

អបអរសាទរខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (1st ODF SVG Province Celebration)

ខេត្ត​ស្វាយរៀង​៖​ នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាស ទទួលស្គាល់ជាផ្លូវការខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល (1st ODF SVG Province Celebration) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ (Foroogh Foyouzat) នាយិកាអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា ។

ពិធីនេះប្រារព្ធធ្វើនៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអង្គការដៃគូពាក់ព័ន្ធ ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ៩០០នាក់ ។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងអំណរគុណ និងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី លោកស្រីនាយិកាអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ឯកឧត្ដម លោកជំទាវ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមអភិបាលរងរាជធានី-ខេត្ត លោក លោកស្រីប្រធានអង្គការដៃគូ ព្រមទាំងភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ដល់កិត្តិយស អញ្ជើញជាអធិបតី និងចូលរួមអបអរសាទរនៅក្នុងពិធីដ៏មានសារៈសំខាន់ នាថ្ងៃនេះ ដែលបានញ៉ាំងឲ្យអង្គពិធីប្រព្រឹត្តទៅប្រកបដោយភាពឱឡារិកក្រៃលែង ។ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថាលទ្ធផលប្រកបដោយមោទនៈភាព ដែលសម្រេចបាននៅក្នុងខេត្តស្វាយរៀងនាពេលនេះ គឺជាលទ្ធផលដែលកើតចេញពីការចូលរួមគាំទ្រ រួមសាមគ្គី សហការ ប្រកបដោយឆន្ទៈ ការលះបង់ និងការប្ដេជ្ញាចិត្តខ្ពស់ពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ វិស័យឯកជន អង្គការដៃគូ និងបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្ដង ដែលក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមសូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះក្រសួងអភិវឌ្ឍន៍ អង្គការយូនីសេហ្វ អង្គការអាយឌីអ៊ី អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការវ៉តធើអេដ អង្គការដៃគូនានា និងវិស័យឯកជន ដែលនាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន បានជួយគាំទ្រទាំងផ្នែកថវិកា ស្មារតី សម្ភារ និងបច្ចេកទេសនៅក្នុងដំណើរការអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទនៅក្នុងខេត្តស្វាយរៀង និងសូមសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ជនបង្គោលអនាម័យ ភូមិ/ឃុំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ដែលបានខិតប្រឹងប្រែងរួមសហការនាំឲ្យសម្រេចបាននូវលទ្ធផលដ៏ផ្លែផ្កា ប្រកបដោយកិត្តិយសនេះ ។ លទ្ធផលនេះមិនត្រឹមតែបង្ហាញឲ្យឃើញពីការវិវឌ្ឍន៍រីកម្រើន នៃផ្នត់គំនិត ការផ្លាស់ប្ដូរឥរិយាបថ និងចំណេះដឹងរបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យជនបទ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងកម្រិតជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមវិភាគទាន និងម្ចាស់ការក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅតាមខ្នងផ្ទះ និងសហគមន៍ ហើយដែលមូលដ្ឋានសមិទ្ធផលនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រដល់ដំណើរការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ។

សូមបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ខេត្តស្វាយរៀង ត្រូវបានវាយតម្លៃ និងប្រកាសផ្ទៃក្នុងរបស់ខេត្ត ពិតជាសម្រេចបាន ODF ១០០% ហើយបានស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ទៀងផ្ទាត់ដោយគណៈកម្មការថ្នាក់ជាតិ កាលពីថ្ងៃទី១០-១៣ ខែមករា ឆ្នាំ២០២២ និងបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
បេីតាមរបាយការណ៍របស់គណៈកម្មការថ្នាក់ជាតិ និងប្រកាសនីយប័ត្រ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បានប្រកាសលទ្ធផលថា ខេត្តស្វាយរៀង បានបំពេញគ្រប់លក្ខខណ្ឌ ដោយជោគជ័យ ទទួលបានជ័យលាភី «ខេត្តសម្រេចបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ជាស្ថាពរ (Open Defecation Free 100%)» និងជាខេត្តទីមួយ ក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ៕