រដ្ឋលេខាធិការ

ពិធីចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១

ខេត្តបាត់ដំបង​ ៖​ នៅព្រឹកថ្ងៃអង្គារ​ ១១កេីត​ ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងការចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដល់សិស្សនគរបាលជ័យលាភីចំនួន១៧៧នាក់។ ហេដ្ឋារចនាសម្ព័ន្ធដែលបាននិងកំពុងរៀបចំ រួមមាន ការជួសជុល ការកែលម្អបំពាក់សម្ភារៈបន្ថែម និងលាបថ្នាំឡើងវិញនូវអគាររដ្ឋបាល អគារស្នាក់នៅ អគារអាហារដ្ឋាន ជីកអណ្តូង ចាក់ដី ដាំស្មៅរៀបចំតារាងបាល់ទាត់ ចាក់សាបបេតុងពង្រីកកន្លែងហ្វឹកហាត់ ក្រៅថ្នាក់ កែលម្អកន្លែងបាញ់គ្រាប់ពិត សួនច្បារអមតាមដងផ្លូវ សួនច្បារតាមតំបន់ និងដាំដើមឈើ ដើម្បី លើកសោភ័ណភាពសាលាឱ្យកាន់តែប្រសើរឡើង ផងដែរ។

ជាកិច្ចចាប់ផ្តើមនៃពិធីបិទវគ្គនេះ លោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលា បានថ្លែងសុន្ទរកថាស្វាគមន៍​ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល និងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នានារបស់សាលានគរបាលជាតិភូមិភាគ៥។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សន្តិបណ្ឌិតបានលើកឡើងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និង ផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំង នគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់ទៅលើការធ្វើ ទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍ សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។

ទន្ទឹមនេះដែរ ឯកឧត្តមបានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៥ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលក្នុងយុគសម័យនៃសន្តិភាពនិងប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលនោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគ៥។ ជាចុងក្រោយ ឯកឧត្តមបានថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់ដែលបាន ខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើដល់សិស្សនគរបាល ជ័យលាភីទាំងអស់ ឱ្យយកចំណេះ ដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។ នៅទីបញ្ចប់ ឯកឧត្តម សន្តិបណ្ឌិត បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្សនគរបាលជ័យលាភីចំនួន១៥រូប និងលិខិត សរសើរដល់សិស្សនគរបាលចំនួន៣រូប ផងដែរ៕