រដ្ឋលេខាធិការ

រាជរដ្ឋាភិបាល និងសង្គមស៉ីវិល បើកយុទ្ធនាការ «តើអ្នកអាចឃើញខ្ញុំទេ?» ដើម្បីបញ្ជ្រាបការយល់ដឹងនៃអំពើជួញដូរមនុស្ស និងការជួយរាយការណ៍

ភ្នំពេញ ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងលោក នីកូឡាស ខេន សហស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិអេ២១ (A21) បានអញ្ជើញបើកយុទ្ធនាការ «តើអ្នកអាចឃើញខ្ញុំទេ?» ដើម្បីបញ្ជ្រាបពីការយល់ដឹងនៃអំពើជួញដូរមនុស្ស និងការជួយរាយការណ៍ បើសិនជាមានអំពើនេះកើតឡើង។

ក្នុងកម្មវិធីដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្កាម៉ល ក៏មានដាក់បញ្ចាំងខ្សែភាពយន្តអប់រំខ្លីចំនួន២ រួមមាន៖ រឿង «សន្យា» និងរឿង «ស្នេហ៍តាមអនឡាញ»។ រឿងទាំងពីរនេះ ត្រូវបានសហការផលិតដោយអង្គការ A21 និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

រឿង «សន្យា» គឺជាសាច់រឿងរបស់ក្មេងស្រី ២នាក់ ឈ្មោះ សិលា និងចន្រ្ទា​ ដែលជាមិត្តសម្លាញ់នឹងគ្នា។ ពួកគេត្រូវបាន​ជ្រើសរើសចេញពីភូមិទៅធ្វើការ​នៅប្រទេសដ៏ទៃ ដោយសន្យាថានឹងទទួលបានការងារល្អនិងប្រាក់កម្រៃខ្ពស់។ ពេលទៅដល់ប្រទេសគោលដៅ ពួកគេត្រូវបានជួញដូរក្នុងគោលបំណង រៀបការដោយបង្ខំ រងបំពានផ្លូវភេទ រងការធ្វើបាបរាងកាយ និងផ្លូវចិត្ត ព្រមទាំងបង្ខំឲ្យពពោះ យកកូនឲ្យគ្រួសារបរទេសមួយ។​ ការវិលត្រឡប់មកប្រទេសកំណើតវិញ និងការទាមទារយុត្តិធម៌និងឯករាជ្យភាព​វិញ​ គឺជាបញ្ហាស្លាប់រស់សម្រាប់​ពួកគេទាំងពីរ។

ចំពោះរឿង «ស្នេហ៍តាមអនឡាញ» វិញ បង្ហាញថា បន្ទាប់ពីជួបរឿងលំបាកជាច្រើនក្នុងជីវិត ក្មេងស្រីម្នាក់ ដែលមានបងប្អូន៣នាក់ រស់នៅ​តំបន់ដាច់ស្រយាលមួយក្នុង​ប្រទេសកម្ពុជា ក៏បានបាត់បង់ម្ដាយជាទីស្រឡាញ់ ដោយសារតែជំងឺមហារីក រីឯឪពុកក៏បាត់បង់ការងារ។ នាងត្រូវបង្ខំចិត្ត​បោះបង់ការសិក្សាដើម្បីរកការងារចិញ្ជឹមគ្រួសារ។ ជីវិតនាងហាក់គ្មានអ្វីល្អសោះ។ នាងថែមទាំងបានចាញ់បោកស្នេហាតាមអនឡាញ​ ដែលធ្វើឲ្យជោគវាសនាជីវិតនាងកាន់តែលំបាកលំបិន។ នៅជុំវិញពិភពលោក គ្រោះថ្នាក់នៃការកេងប្រវ័ញ្ចកុមារតាមអនឡាញ​កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង។

បើតាមប្រភពពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដើម្បីរាយការណ៍អំពីការរំលោភបំពានផ្លូវភេទលើកុមារ សូមទូរសព្ទទៅលេខ (+៨៥៥) ០៩២ ៣១១ ៥១១ ឬបើស្ថិតក្នុងគ្រោះថ្នាក់ភ្លាមៗ សូមទូរសព្ទទៅនគរបាលតាមលេខ ១២៨៨៕