ខ្យល់ពុល គឺជាកតត្តាគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតមកលើអាយុជីវិតមនុស្ស
ផ្អែកការសន្និដ្ឋានជាក់ច្បាស់នៅក្នុងរបាយការណ៍ថ្មីមួយដែលធ្វើឡើងដោយអ្នកជំនាញនៃ វិទ្យាស្ថានគោលនយោបាយថាមពលនៃសាកលវិទ្យាល័យ ឈីកាហ្គោ ហៅកាត់ថា EPIC ចេញផ្សាយនៅថ្ងៃអង្គារ ទី២៩ សីហា ឆ្នាំ២០២៣បានឲ្យដឹងថា
ខ្យល់ដកដង្ហើមកខ្វក់ ពោរពេញដោយល្អងធូលី និងសារធាតុពុល គឺជាការគំរាមដ៏គ្រោះថ្នាក់បំផុតមកលើអាយុជីវិតរបស់មនុស្សនៅទូទាំងពិភពលោក។
របាយការណ៍លើបានលើកឡើងថា ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ៗស្រូបខ្យល់ដកដង្ហើមចូលទៅក្នុងខ្លួនពីចន្លោះ ២ម៉ឺន ទៅ ៣ម៉ឺន លីត្រខ្យល់ ហើយក្នុងខ្យល់គឺមាន ៩០ភាគរយជាអុកស៊ីសែន និងអាហ្សូត។ តែជាមួយគ្នានេះ ក្នុងខ្យល់ដកដង្ហើម មានលាយឡំផងដែរទៅដោយសារធាតុពុល ល្អងធូលីផ្សេងៗ ដែលកើតចេញពីធម្មជាតិ និងចេញពីសកម្មភាពរបស់មនុស្ស។ គឺសារធាតុពុល និងល្អងធូលីទាំងនោះហើយ ដែលជាប្រភពគ្រោះថ្នាក់ដល់សុខភាព។ ផ្សែងពុលចេញពីយានជំនិះគ្រប់ប្រភេទ ល្អងធូលីកើតចេញពីសំណឹកកកិតនានា ផ្សែងពុលកើតចេញពីសកម្មភាពរោងចក្រផ្សេងៗ គឺសុទ្ធតែជាផ្សែងពុលដែលកើតចេញពីសកម្មភាពរបស់មនុស្ស ហើយដែលវាមកបង្កហានិភ័យដល់សុខភាពរបស់មនុស្សខ្លួនឯង។
តើវាបង្កជាគ្រោះថ្នាក់អ្វីខ្លះដល់សុខភាព?
យោងតាមរបាយការណ៍របស់ វិទ្យាស្ថានគោលនយោបាយថាមពលនៃសាកលវិទ្យាល័យ ឈីកាហ្គោ (EPIC) ខ្យល់ដកដង្ហើមពុល លាយឡំដោយល្អងធូលី បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរជាង ការជក់បារី ឬការសេពសុរាទៅទៀត។ ល្អងធូលី សារធាតុពុលទាំងនេះ គឺជាមូលហេតុបង្កើនហានិភ័យធ្វើឲ្យមនុស្សមានជំងឺសួត ខូចប្រព័ន្ធដកដង្ហើម មានជំងឺបេះដូង ជំងឺស្ទះ ឬដាច់សរសៃឈាម ព្រមទាំងជំងឺមហារីកថែមទៀត។ ផ្អែកតាមតួលេខរបស់អង្គការសុខភាពពិភពលោក ៣៦ភាគរយនៃករណីមហារីកសួត គឺមានពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងល្អងធូលី ក្នុងខ្យល់ដកដង្ហើម ចំណែកករណីដាច់ឬស្ទះសរសៃឈាម មាន ៣៤ភាគរយ ហើយករណីជំងឺមហារីកវិញមាន ២៧ភាគរយ។
យោងតាមអង្គការសុខភាពពិភពលោក មនុស្ស ០៩នាក់ ក្នុងចំណោម ១០នាក់ នៅលើពិភពលោក រស់នៅប្រចាំថ្ងៃប្រឈមនឹងខ្យល់ដកដង្ហើម ដែលមានកម្រិតសារធាតុពុល និងល្អងធូលីលើសពីកម្រិតអនុគ្រោះ កំណត់ដោយអង្គការសុខភាពពិភពលោក។ ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់ប្រមាណ៧លាននាក់ជាមធ្យម ដោយសារតែបញ្ហាខ្យល់ដកដង្ហើមកខ្វក់នេះ។ ពោលគឺ ប្រមាណ១២ភាគរយនៃករណីស្លាប់មុនអាយុនៅទូទាំងពិភពលោក។
អ្នកជំនាញរបស់ EPIC បានលើកឡើងថា បើទោះបីជាបញ្ហាខ្យល់ដកដង្ហើមកខ្វក់ត្រូវបានអះអាងថាបានបង្កហានិភ័យដ៏គ្រោះថ្នាក់សម្រាប់អាតុជីវិតមនុស្សយ៉ាងណាក្តី មនុស្សទូទៅ ឬអាជ្ញាធររដ្ឋាភិបាលប្រទេសមួយចំនួនធំ ហាក់មិនបានយកចិត្តទុកដាក់លើបញ្ហាប៉ុន្មាននោះទេ។ កញ្ចប់ថវិកាចំណាយដែលរដ្ឋាភិបាលប្រទេសនានាប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ មានតិចតួចខ្លាំងណាស់បើប្រៀបធៀបទៅនឹង ការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងទៀត។ យោងតាមរបាយការណ៍របស់ EPIC ប្រសិនបើគ្រប់ប្រទេសទាំងអស់គោរពជាប្រចាំ នូវកម្រិតអនុគ្រោះអតិបរមា នៃល្អងធូលីក្នុងខ្យល់ដកដង្ហើម ដែលអង្គការសុខភាពភិភពលោកបានកំណត់ស្តង់ដារ នោះមនុស្សយើងអាចមានអាយុរស់បាន ២,៣ឆ្នាំជាមធ្យមបន្ថែមទៀតដោយផ្អែកលើតួលេខដែលប្រមូលបាននៅឆ្នាំ២០២១៕